(ភ្នំពេញ)៖ ពេលមានភ្លៀងធ្លាក់ម្ដងៗ បណ្ដាលឲ្យមានការជន់លិច ដោយសារកកស្ទះប្រព័ន្ធលូប្រឡាយអូរ ប្រវែងប្រមាណជា៣០០ម៉ែត្រ ចាប់ពីចំណុចខាងមុខទេពប្រណម តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានដំណើរការល្អប្រសើរជាធម្មតាឡើងវិញហើយ។
ការដំណើរការល្អឡើងវិញនេះ បន្ទាប់ពីលោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរសង្កាត់-ភូមិ ដើម្បីចុះបូមស្ដារចេញភ្លាមៗ ដែលជាការឆ្លើយតបទៅតាមតម្រូវការចាំបាច់ នៃការធ្វើចរាចរចេញ-ចូលរបស់ប្រជាពលរដ្ឋទូទៅ។
លោក ជា ពិសី បានក្រើនរំឭកថា សូមមន្ត្រីពាក់ព័ន្ធ ពិសេសអាជ្ញាធរសង្កាត់-ភូមិ ធ្វើយ៉ាងណាសហការគ្នា ដើម្បីបន្តតាមដានតទៅទៀត ក្នុងពេលមានភ្លៀងធ្លាក់ម្ដងៗ អាចបណ្ដាលឲ្យមានការកកស្ទះ ធ្វើឲ្យជន់លិច ក្នុងការរិះរកមធ្យោបាយភ្លាមៗ ដើម្បីដោះស្រាយឲ្យទាន់ពេលវេលា ទៅតាមលទ្ធភាព សម្រាប់ការធ្វើដំណើរចេញ-ចូលប្រកបរបរទទួលទានផ្សេងៗ ពីសំណាក់ប្រជាពលរដ្ឋ ឲ្យស្របតាមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា «ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាពព្រោះមន្ត្រីរាជការ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយ របស់ប្រជាជននោះទេ»៕