(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានកំណត់យុទ្ធសាស្រ្តសំខាន់ចំនួន៥ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ កិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារ២០១៩ -២០២៣ ក្នុងគោលដៅសំខាន់ធ្វើយ៉ាងណា ឲ្យកុមារកម្ពុជាទទួលបានសិទ្ធិមូលដ្ឋានពេញលេញ។
យុទ្ធសាស្រ្តសំខាន់ទាំង៥នោះ រួមមាន៖ ការពង្រឹងកិច្ចការពារ និងពិនិត្យតាមដានការលើកកម្ពស់សិទ្ធកុមារ ការបង្កើនការអប់រំផ្សព្វផ្សាយ និងអភិវឌ្ឍន៍ធនធានមនុស្ស ពង្រឹងពង្រីកក្រុមការងារ ដើម្បីកុមារក្រសួងស្ថាប័ន ពង្រឹងសមត្ថភាពស្ថាប័ន និងអភិវឌ្ឍន៍ភាពជាដៃគូ និងបង្កើនការអប់រំផ្សព្វផ្សាយពង្រឹងកិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមាររាជធានី-ខេត្ត។ នេះជាការលើកឡើងរបស់ លោកស្រី ញ៉េប សុភាព អគ្គលេខា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្លែងនៅក្នុងឱកាសសិក្ខាសាលា ស្ដីពីការពិនិត្យ និងប្រមូលធាតុចូលដើម្បីកែសម្រួល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារឆ្នាំ ២០១៩-២០២៣ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។
នៅក្នុងឱកាសនោះ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានថ្លែងអរគុណដល់អង្គការយូនីសេហ្វ និងអង្គការពាក់ព័ន្ធផ្សេងទៀត ដែលគាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្ត្រនេះ និងបន្តគាំទ្រសកម្មភាពជាទិភាពដែលបានកំណត់នៅក្នុងផែនការ និងអរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ក្រុមការងារដើម្បី កុមារនៅតាមក្រសួងស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររាជធានីខេត្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធ ដែលបានផ្តល់ធាតុចូលសម្រាប់ផែនការនេះ។
លោកស្រី ញ៉េប សុភាព បានបន្ថែមឲ្យដឹងទៀតថា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារ ២០១៩-២០២៣ មានគោលដៅរយៈពេល ៥ឆ្នាំ ដោយផ្តោតលើប្រសិទ្ធភាពអនុវត្តសិទ្ធិកុមារនៅកម្ពុជា ក្នុងគោលដៅកំណត់ទស្សនៈវិស័យ បេសកកម្ម គោលដៅយុទ្ធសាស្រ្ត និងលទ្ធផលរំពឹងទុក រួមទាំងសកម្មភាពសម្រាប់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារតាមក្រសួងស្ថាប័ន និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររាជធានីខេត្ត និងអ្នកពាក់ព័ន្ធចូលរួមសហការអនុវត្តផែនការយុទ្ធសាស្រ្តនេះ។ ជាមួយគ្នានោះ លោកស្រី ញ៉េប សុភាព បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រ រនេះប្រកបដោយស្មារតីទទួលខុសត្រូវ។
គួរប ញ្ជាក់ថា នៅកម្ពុជាសិទ្ធិជាមូលដ្ឋានរបស់កុមារ មាត្រា ៣១ រដ្ឋធម្មនុញ្ញ រួមទាំងអនុសញ្ញាស្ដីពីសិទ្ធិកុមារ បានចែងថា សិទ្ធិមូលដ្ឋានរបស់កុមាររួមមាន សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការចូលរួម និងសិទ្ធិក្នុងការអភិវឌ្ឍន៍៕