(ភ្នំពេញ)៖ ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំពិធីមួយឈ្មោះថា «Plan a Tree For That Man» ដើម្បីរំលឹកគុណបំណាច់របស់អ្នក ដែលបានបូជាជីវិតតស៊ូយកជ័យជម្នះលើរបប «ណាហ្ស៉ីអាឡឺម៉ង់» កាលពីឆ្នាំ១៩៤៥។ ពិធីនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីមន្ត្រីការទូតរុស្ស៉ី ប្រជាជនរុស្ស៉ី និងភ្ញៀវជាតិអន្តរ-ជាតិយ៉ាងច្រើនកុះករ។
នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា ក៏នឹងប្រារព្ធពិធីមួយមានឈ្មោះថា «ថ្ងៃជ័យជម្នះ Vitory Day» ដែលជាថ្ងៃដ៏សំខាន់មួយរបស់រុស្ស៉ី រំលឹកពីជ័យជម្នះរបស់អតីតសហភាពសូវៀត ទៅលើរបបណាហ្ស៉ីអាឡឺម៉ង់ (Nazi Germany) នូវសង្គ្រាមមួយឈ្មោះថា Great Patriotic War (សង្គ្រាមនេះគឺជាផ្នែកមួយនៃសង្គ្រាមលោកលើកទី២) អំឡុងឆ្នាំ១៩៤៥ផងដែរ។ កាលនោះមានប្រជាជនរុស្ស៉ីប្រហែល ២៧លាននាក់ ហ៊ានលះបង់ជីវិតប្រឆាំងនឹងកងកម្លាំងពួកហ្វាស៉ីស ដែលរុស្ស៉ីចាត់ទុកថាជាក្រុមមនុស្សក្រៅសង្គម។
ការបូជាជីវិតរបស់ប្រជាជនទាំងនោះ មិនត្រឹមតែបានត្រួសត្រាយផ្លូវឲ្យឈ្នះលើសង្គ្រាមលោកលើកទី ២ប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឲ្យកើតមានឡើងនូវវិមានសេរីភាពអន្តរជាតិ លើជុំវិញពិភពលោក ហើយក៏បំផុសលើកទឹកចិត្តពួកគេ ឲ្យហ៊ានតស៊ូទាមទារឯករាជ្យពីអំណាចអាណានិគមនានាផងដែរ។
ដើម្បីរំលឹកនូវភក្តីភាពដ៏ខ្ពង់ខ្ពស់របស់ប្រជាជនទាំងនោះ សមាគមយុវជនរុស្ស៉ី បានដាក់គោលដៅបង្កើតគំនិតផ្តួចផ្តើមរៀបចំការដើរក្បួនរំលឹកមួយ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។ ព្រឹត្តិការណ៍រំលឹកនេះ បានក្លាយជាពិធីអន្តរជាតិមួយយ៉ាងធំជុំវិញពិភពលោក ហើយឆ្នាំ២០១៩នេះ ស្ថានទូតរុស្ស៉ីប្រចាំកម្ពុជា នឹងរៀបចំពិធី «ថ្ងៃជ័យជម្នះ Vitory Day» នៅបរិវេណស្ថានទូតខ្លួន នាថ្ងៃទី០៩ ខែឧសភា ស្អែកនេះផងដែរ៕