(ភ្នំពេញ)៖ នៅថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិត ថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោស ព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមប្រធានបទ « ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា »។
ក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានខ្លឹមសារថា «ខ្ញុំម្ចាស់ ព្រមទាំងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមា ដោយបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២០,០០០ដុល្លារ (ពីរម៉ឺនដុល្លារអាមេរិក) អំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភក្នុងឱកាសប្រារព្ធមិទ្ទីងថ្នាក់ជាតិ អបអរខួបលើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា » ថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៩ ក្នុងបរិវេណទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្រ្តី បុគ្គលិកទាំងអស់នៃកាកបាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជជូបត្ថម្ភដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាគ្រប់ពេលវេលា។
ខ្ញុំម្ចាស់ និងសហការី នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ក្នុងសកម្មភាពមនុស្សធម៌ សម្រាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំម្ចាស់ សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្រ្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ជ្រកកោនតរៀងទៅ»។
សូមក្រាបបង្គំទូលថ្វាយនូវខ្លឹមសារទាំងស្រុង នៃសារលិខិតថ្លែងអំណរព្រះរាជគុណ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៖