(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្ដិការបង្ក្រាបមេក្លោង ចែកចាយគ្រឿងញៀនជនជាតិឡាវម្នាក់ ដកហូតបានថ្នាំជាង១គីឡូក្រាម នៅចំណុចស្ពានទី២ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ប្រតិបត្តិការបង្ក្រាបមេក្លោងចែកចាយថ្នាំញៀននេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
បើតាមសេចក្ដីរាយការណ៍ មេក្លោង ជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងអាវុធហត្ថបង្ក្រាបបាននេះ ឈ្មោះ ជឿ ហាយ អាយុ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរធ្វើចំការទីលំនៅភូមិចាំម៉ឺយ ស្រុកភុងសាលី ខេត្តភុងសាលី(ប្រទេសឡាវ) ក្នុងសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វតាមីន (ice) ១កញ្ចប់ធំ ទម្ងន់១,០៤៤.៧ក្រាមថ្លឹងទាំងសំបក ស្មើទម្ងន់សុទ្ធ១,០០២.៥ក្រាម, ទូរស័ព្ទដៃ១គ្រឿង, កាបូបស្ពាយ១។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងឃាត់ និងរក្សាទុកក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងតាមនីតិវិធី៕