(ព្រះវិហារ)៖ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈអាវុធហត្ថ ដល់នាយ នាយរងអាវុធហត្ថ ដើម្បីជាគ្រឹះសម្រាប់យកទៅអនុវត្តតួនាទីភារកិច្ចជាក់ស្តែងឲ្យមានប្រសិទ្ធិភាព។
ពិធីនេះស្ថិតក្រោមវត្តមាន លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខព្រមទាំងនាយ នាយរងអាវុធហត្ថជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបញ្ជាក់ថា យោងតាមផែនការហ្វឹកហ្វឺន ដែលចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺការហ្វឹកហ្វឺនដើម្បីកសាង និងពង្រឹងសមត្ថភាពគុណភាពចំណេះដឹង ជំនាញដល់នាយ នាយរង នៃកងរាជអាវុធហត្ថ ក្នុងការដឹកនាំបញ្ជា និងអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថឲ្យមានប្រសិទ្ធិភាពខ្ពស់។
លោកមេបញ្ជាការ បានបន្តទៀតថា គោលបំណង នៃការហ្វឹកហ្វឺននេះ គឺដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងបន្ថែមនូវចំណេះដឹងរបស់នាយ នាយរងអាវុធហត្ថ ធ្វើឲ្យសិក្ខាកាមយល់ដឹងអំពីតួនាទីភារកិច្ច លើការបំពេញបេសកកម្មទាំងចំណេះដឹង និងចំណេះធ្វើ លើមុខវិជ្ជយោធា មានស្មារតីទទួលខុសត្រូវលើវិន័យ សីលធម៌ និងគុណធម៌ មានមនសិកាការងារ និងអត្តចរិកស្លូតត្រង់ និងធ្វើឲ្យសិក្ខាកាមមានសមត្ថភាពជំនាញអាវុធហត្ថ និងតម្រួតយោធា ដែលមានចែងក្នុងអនុក្រឹត្យ លេខ៧៧ អនក្រចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានសំណូមពរដល់គ្រូបង្រៀន ត្រូវធ្វើយ៉ាងណាឲ្យសិក្ខាកាមទាំងអស់ ស្វែងយល់អំពីគោលគំនិត វគ្គបំប៉ននេះឲ្យបានច្បាស់លាស់ ហើយសិក្ខាកាមត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យឲ្យបានម៉ឺងម៉ាត់ និងមានបទពិសោធន៍ ក្រោយបញ្ចប់វគ្គ ដើម្បីទៅបំពេញភារកិច្ចជាក់ស្តែងរបស់ខ្លួនទទួលបាននូវលទ្ធផលល្អ។
សូមបញ្ជាក់ថា វគ្គបំប៉ននេះ មានរយៈពេល៣០ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩៕