(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា មានករណីបាញ់សម្លាប់គ្រូបង្រៀនកីឡាម្នាក់ នៅសាលាតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលគ្រូបង្រៀនរូបនោះកំពុងហូបបាយថ្ងៃត្រង់ ជាមួយគ្រូៗដទៃទៀតនៅក្នុងសាលា។
លោកឧត្តមសេនីយ៍បញ្ជាក់ថា ឃាតកម្មបាញ់សម្លាប់នេះ កើតឡើងនៅម៉ោងប្រហែល១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ហើយចំពោះមូលហេតុដែលនាំឲ្យមានការបាញ់សម្លាប់មិនទាន់ដឹងនៅឡើយទេ។ បន្ទាប់ពីខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះរួច ជនបង្កព្យាយាមរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានតាមចាប់ខ្លួន និងយកទៅសួរចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្ត។
តាមសម្តីជនល្មើសប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនមានឈ្មោះ រាសី អាយុ៣០ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ ខណៈជនរងគ្រោះជាគ្រូកីឡាមានឈ្មោះ តូច វាសនា សម្រាប់មូលហេតុមិនទាន់ដឹង៕