(ភ្នំពេញ)៖ បន្ទាប់ពីដាក់ឲ្យដំណើរការ សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានពង្រីកសេវាកម្មផ្ទេរប្រាក់អន្តរជាតិ ទៅកាន់ប្រទេសថៃ តាមរយៈដៃគូសហការផ្ទេរប្រាក់របស់ខ្លួន គឺក្រុមហ៊ុន ឌី ម៉ាន់នី។

ការដាក់ឲ្យដំណើរការសេវាកម្មថ្មីនេះ គឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ របស់ ក្រុមហ៊ុន ឌី ម៉ាន់នី សម្រាប់សេវាកម្មទទួលប្រាក់ដែលផ្ទេរពីប្រទេសកម្ពុជា។ សេវាកម្មថ្មីនេះ ត្រូវបានគេរំពឹងថានឹងផ្តល់ជាលទ្ធភាពជាច្រើន សម្រាប់បុគ្គល និងម្ចាស់អាជីវកម្មជាជនជាតិថៃ ដែលបើកដំណើរការអាជីវកម្មរបស់ពួកគេ និងមានតម្រូវការក្នុងការការផ្ញើប្រាក់ទៅវិញទៅមក រវាងប្រទេសថៃនិងកម្ពុជា។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានថ្លែងថា ការចាប់ផ្តើមសេវាកម្មថ្មីនេះ គឺជាជោគជ័យមួយទៀត នៅក្នុងប្រវត្តិសាស្ត្រនៃសេវាផ្ទេរប្រាក់អន្តរជាតិ ហើយវាក៏បានបង្ហាញថា អតិថិជនវីងអាចធ្វើប្រតិបត្តិការរឹតតែច្រើនឡើងៗ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលមានលទ្ធភាពផ្សារភ្ជាប់អ្នកប្រើប្រាស់ទាំងអស់នៅកម្ពុជា ទៅផ្នែកផ្សេងៗនៃពិភពលោក។

លោក ម៉ាឡូឡូស បានបន្តទៀតថា «តាមរយៈភាពងាយស្រួលនៃកម្មវិធីស្មាតហ្វូនវីង ប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាញដែលរស់នៅក្នុងប្រទេស នឹងអាចផ្ទេរប្រាក់ទៅប្រទេសថៃ ភ្លាមៗ ហើយអ្នកទទួលនឹងអាចដកប្រាក់បាន នៅតាមសាខាណាមួយរបស់ Sawadeeshop ក៏ដូចជាធនាគារដៃគូទាំង៣១ របស់ក្រុមហ៊ុន ឌី ម៉ាន់នី នៅក្នុងប្រទេសថៃ។

លោក Aswin Phlapongphanich នាយកប្រតិបត្តិក្រុមហ៊ុន Sawasdeeshop តំណាងក្រុមហ៊ុន ឌី ម៉ាន់នី បានឲ្យដឹងថា ការចាប់ផ្តើមសេវាកម្មថ្មីនេះ បង្ហាញថា វាពិតជាមានកំណើន នៃតម្រូវការផ្ទេរប្រាក់រវាង ប្រទេសទាំងពីរ ហើយវាគឺជាកិត្តិយសមួយសម្រាប់ក្រុមហ៊ុន ឌី ម៉ាន់នី ក្នុងការចាប់ដៃគូជាមួយវីង ក្នុងការផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាព សម្រាប់ប្រជាជនថៃទាំងអស់ ក្នុងការផ្ទេរប្រាក់ទៅកាន់ប្រទេសថៃ។

លោក Aswin Phlapongphanich បានបញ្ជាក់ថា «យើងសង្ឃឹមថា ការចាប់ផ្តើមសេវាកម្មថ្មីនេះ នឹងជួយដល់កំណើន នៃវិនិយោគរបស់ថៃនៅកម្ពុជា ដែលនឹងនាំមកនូវការងារកាន់តែច្រើន សម្រាប់ប្រជាជនកម្ពុជា និងកំណើនផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេស»។ សេវាកម្មថ្មីនេះ ត្រូវបានរំពឹងថា នឹងផ្តល់នូវលទ្ធផលវិជ្ជមានដូចគ្នានឹងសេវាកម្មមុនៗដែរ (ផ្ទេរប្រាក់ពីប្រទេសថៃទៅកាន់ប្រទេសកម្ពុជា)៕