(ភ្នំពេញ)៖ លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News និងលោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាជនពិការកម្ពុជា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចូលរួមបរិច្ចាគថវិកាសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា។

ការបរិច្ចាគថវិកានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងពិធីអបអរសាទរខួបទី១៥៦ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

ថវិកាដែលបានបរិច្ចាគនោះគឺ អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ចំនួន៤លានរៀល និងអគ្គលេខាធិការក្រុមប្រឹក្សាជនពិការកម្ពុជា ចំនួន៤លានរៀល។ ភោជនីយដ្ឋាន ធីអិន លោក ឯម អមរិតា និងលោកស្រី ប៉ុក ញិប ចំនួន៤លានរៀល។

យោងតាមទិន្នន័យដែលបានប្រកាសនៅក្នុងពិធីនាព្រឹកមិញនេះ កាកបាទក្រហមកម្ពុជា ទទួលបានថវិកាឧបត្ថម្ភពីសប្បុរសនានាសរុបចំនួន ២០លាន ៧សែន ៥ម៉ឺន ៧ពាន់ ៥១០ដុល្លារអាមេរិក ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌នៅក្នុងប្រទេសកម្ពុជា ពោលមានការកើនឡើងជាងឆ្នាំបានទទួលជាង ១៨លានដុល្លារប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបាន គឺបានមកពីការរួមសាមគ្គី នៃកម្លាំងមហាជន ហើយសម្ដេច បានស្ញប់ស្ញែងផងដែរ ចំពោះសប្បុរសជននានា រួមអ្នកទាំងវិនិយោគមកពីក្រៅប្រទេសផងដែរ ដែលបានបរិច្ចាគថវិការបស់ខ្លួន ជួយទ្រទ្រង់ដល់សកម្មភាព កាកបាទក្រហមកម្ពុជា៕