(ភ្នំពេញ)៖ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ជាជនចាស់ជរាគ្មានទីពឹង និងមានជំងឺចំនួន៣៥គ្រួសារ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីចែកជូនក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេងៗ តំណាងឲ្យម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សកម្មភាពមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះដែរ បានធ្វើនៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅសង្កាត់ទួលសង្កែទី២ ដោយមានការចូលរួមពីលោក លោកស្រីចៅសង្កាត់ និងមន្ត្រីក្រោមឱវាទ ខណ្ឌ-សង្កាត់មួយចំនួនទៀត។
ក្នុងសកម្មភាពមនុស្សធម៌នេះ លោក ជា ពិសី បានថ្លែងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឫមានផ្ទុកមេរោគជាដើម ដែលជាការចង្អុលបង្ហាញពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មិនប្រកាន់ពូជសាស ពណ៍សម្បុរ ឫនិន្នាការនយោបាយឡើយ៕