(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ «ផែនការសកម្មភាព ២០១៩-២០២៣ ស្តីពីការកសាងសហគមន៍ជោគវាសនារួមគ្នារវាងចិន និងកម្ពុជា» ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានចាត់ទុកផែនការសកម្មភាពនេះ គឺជាសមិទ្ធផលសំខាន់បំផុតក្នុងដំណើរអញ្ជើញចូលរួមវេទិកាកំពូលនៃកិច្ចសហប្រតិបត្តិអន្តរជាតិ «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកឯកអគ្គរដ្ឋទូត បានចាត់ទុកការចុះហត្ថលេខាលើផែនការសកម្មភាពស្តីពីការកសាងសហគមន៍ជោគវាសនារួមគ្នារវាងចិន និងកម្ពុជានេះ ជាឯកសារគោលផ្លូវការមួយយ៉ាងមានអត្ថន័យបំផុតសម្រាប់ចង្អុលណែនាំអំពីការអភិវឌ្ឍកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា។

ក្នុងសារលិខិតបង្ហាញទស្សនៈជុំវិញការកសាងសហគមន៍ជោគវាសនារួមគ្នារវាងចិន និងកម្ពុជា ដែលបង្ហោះលើ Facebook នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ លោកឯកអគ្គរដ្ឋទូត បានរំលឹកថា ប្រទេសចិន និងកម្ពុជា គឺជាអ្នកជិតខាងល្អនឹងគ្នា។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅខែកក្កដា ឆ្នាំ១៩៥៨ និងបានបង្កើតជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ២០១០។

លោកបន្តថា នាខែមករា ឆ្នាំ២០១៨ ក្នុងអំឡុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីចិន Li Keqiang ភាគីទាំងពីរសម្រេចបានកុងសង់ស៊ីសមួយក្នុងការចាប់ដៃគ្នាកសាងសហគមន៍ជោគវាសនារួមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ និងបានចេញសេចក្តីថ្លែងការរួមរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។ នៅខែមករា ឆ្នាំ២០១៩ ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ភាគីទាំងពីរយល់ស្របតាក់តែងផែនការសកម្មភាពសហគមន៍ជោគវាសនារួមគ្នារវាងចិន និងកម្ពុជាឲ្យសម្រេចបានក្នុងពេលឆាប់ៗ។

រំលងពីនោះត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះ ផែនការសកម្មភាពដែលមានអត្ថន័យឆ្លងសម័យកាលមួយនេះត្រូវបានលេចចេញជារូបរាង ដែលជា
សេចក្តីបញ្ជាក់ពីបោះជំហានទៅកាន់កម្រិតខ្ពស់ថ្មីមួយក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា។

លោក វ៉ាង វិនធាន បានអះអាងថា «ផែនការសកម្មភាព ២០១៩-២០២៣ ស្តីពីការកសាងសហគមន៍ជោគវាសនារួមគ្នារវាងចិន និងកម្ពុជា» មាន លក្ខណៈពិសេស ៤ចំណុចរួមមាន៖

១. លក្ខណៈពេញលេញ៖ ខ្លឹមសារនៃផែនការសកម្មភាពត្រូវបានតាក់តែងឡើងលើមូលដ្ឋាននៃការសាកសួរយោបល់ និងអនុសាសន៍ផ្សេងៗយ៉ាងទូលំទូលាយពីសំណាក់ស្ថាប័នបក្ស និងរដ្ឋាភិបាល, ស្ថាប័ននីតិបញ្ញត្តិ និងថ្នាក់រដ្ឋបាលគ្រប់កម្រិតរបស់ភាគីទាំងពីរ ដែលរួមបញ្ចូលទាំងគោលដៅច្បាស់លាស់ និងវិធានការជាក់ស្តែងចំនួន ៣១គម្រោងលើកិច្ចសហប្រតិបត្តិការក្នុងវិស័យធំៗទាំងប្រាំ ដូចជា នយោបាយ, សន្តិសុខ, សេដ្ឋកិច្ច,
ប្រជាជន និងពហុភាគី។

២. លក្ខណៈពិតប្រាកដ៖ នៅក្នុងវិស័យជីវភាពប្រជាជនធ្វើការសង្កត់ធ្ងន់លើការប្រាស្រ័យទាក់ទងទ្វេភាគីក្នុងផ្នែកប្រកបមុខរបរ និងបង្កើតមុខរបរ, បណ្តុះបណ្តាលវិជ្ជាជីវៈ, សុខុមាលភាពកុមារ និង កិច្ចគាំពារសង្គមជាដើម។ នៅក្នុងវិស័យកសិកម្ម ធ្វើការអនុវត្តឲ្យបានតាមកូតានាំចេញស្រវអង្ករពីកម្ពុជាទៅកាន់ប្រទេសចិនតាមដែលបានកំណត់ព្រមព្រៀងគ្នា, ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើការដាំដុះ ការកែច្នៃ ការស្តុកទុក និងការដឹកជញ្ជូនចំពោះដំណាំស្រូវអង្ករ ពោត កៅស៊ូ និងដំឡូងមីជាដើម។ នៅក្នុងវិស័យផ្លាស់ប្តូរទំនាក់ទំនងប្រជាជនចាប់យក «ទិវាឆ្នាំវប្បធម៌ទេសចរណ៍ចិន និងកម្ពុជា ២០១៩» ជាឱកាសជំរុញឲ្យមានកិច្ចពិភាក្សា និងចុះហត្ថលេខាលើផែនការអនុវត្តផ្សេងៗ ក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍រវាងស្ថាប័នរដ្ឋប្រទេសទាំងពីរ។

៣. លក្ខណៈស៊ីជម្រៅ៖ ភាគីចិននិងកម្ពុជាសង្កត់ធ្ងន់លើការបន្តប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំកំពូលរបស់ទ្វេភាគី ធ្វើឲ្យកាន់តែស៊ីជម្រៅការផ្លាស់ប្តូរបទពិសោធន៍នៃការគ្រប់គ្រងប្រទេសទៅវិញទៅមក និងគាំទ្រយ៉ាងមុតមាំចំពោះអត្ថប្រយោជន៍ស្នូល និងការយកអាសារគ្នាទៅវិញទៅមក។ ភាគីចិនបញ្ជាក់ជាថ្មីម្តងទៀត ក្នុងការគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា, ប្រកាន់ខ្ជាប់គោលការណ៍មិនជ្រៀតជ្រែកគោលនយោបាយផ្ទៃក្នុងរបស់កម្ពុជា ហើយគាំទ្រកម្ពុជាក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេសខ្លួន។

ទន្ទឹមនឹងនេះធ្វើឲ្យកាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអនុវត្តន៍ច្បាប់ និងរក្សាសន្តិសុខ,ធានាដល់ដំណើរការនៃការកសាងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវប្រព្រឹត្តទៅដោយរលូន, ការពាររក្សាសន្តិសុខ ស្ថេរភាព និងអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ។

៤. លក្ខណៈខ្ពស់៖ ក្នុងអំឡុងពេលជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីផ្តោតសំខាន់បន្ថែមទៅលើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប, អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ, និងអង្គការសហប្រជាជាតិជាដើម ដើម្បីរួមចំណែកប្រកបដោយភាពវិជ្ជមានក្នុងការជម្រុញកិច្ចអភិវឌ្ឍន៍ទាំងក្នុងតំបន់ និងពិភពលោកហើយរួមគ្នាការពារចំពោះអត្ថប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍នានា។ ភាគីទាំងពីរឯកភាពរួមគ្នា
ជំរុញបន្ថែមក្នុងការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងអាស៊ានឲ្យកាន់តែជិតស្និទ្ធ រួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល ហើយជម្រុញការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីប្រកបដោយការគោរពគ្នាទៅវិញទៅមក, ភាពយុត្តិធម៌ និងស្មើភាព រួមទាំងកិច្ចសហប្រតិបត្តិការជោគជ័យរួម។

លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ផងដែរថា ការចុះហត្ថលេខា លើផែនការសកម្មភាពនៃការកសាងសហគមន៍ជោគវាសនារួម នឹងជួយដល់ទំនាក់ទំនងចិន និងកម្ពុជាធ្វើដំណើរទៅមុខបានកាន់តែឆ្ងាយ និងមានស្ថេរភាព ហើយនឹងក្លាយជាកតាលីករសម្រាប់ជម្រុញទំនាក់ទំនងរវាងចិន និងកម្ពុជា, ជាសារធាតុផ្សារភ្ជាប់សម្រាប់ជម្រុញដល់ទំនុកចិត្តក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងជាកិច្ចការពិសោធន៍ក្នុងការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។

លោកបន្តថា ផែនការនេះ គឺជាផែនការសកម្មភាពនៃការកសាងសហគមន៍ជោគវាសនារួមដំបូងបង្អស់ ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋពីរដែលប្រកាន់របបនយោបាយខុសគ្នា។ សកម្មភាពនេះសបញ្ជាក់ឲ្យឃើញថា ទ្រឹស្តី និងទស្សនៈនៃសហគមន៍ជោគវាសនារួមគ្នាបាននឹងកំពុងវិវត្តន៍ជាសកលទស្សនវិស័យមួយដែលហួសពីព្រំដែននៃប្រទេសឬជនជាតិ, ប្រព័ន្ធនយោបាយ ឬមនោគមវិជ្ជាផ្សេងៗទៅហើយ និងជាសកម្មភាពជម្រុញឲ្យប្រទេសកាន់តែច្រើនចូលរួមជាមួយគ្នាក្នុងការកសាងសហគមន៍ជោគវាសនារួម ដោយចាប់ដៃគ្នាកសាងនូវពិភពលោកប្រកបដោយភាពសុខុដុមរមនា ដែលមានលក្ខណៈសន្តិភាពយូរអង្វែង, សន្តិសុខគ្រប់កន្លែង, វិបុលភាពរួម, ការបើកទូលាយ និងយោគយល់គ្នា រួមទាំងភាពប្រសើរស្អាតស្អំទៀតផង៕