(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងបាននាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន ៦,១៨០,០០០រៀល ប្រគល់ជូនគ្រសារលោកអនុសេនីយ៍ឯក ហង្ស សុលីន មេបញ្ជាការរងក្រុងច្បារមន ដែលមានមានជម្ងឺធ្លាយក្រពះ ដែលតម្រូវឲ្យវះកាត់បន្ទាន់ និងបានមកសម្រាកព្យាបាលបន្តនៅផ្ទះ ក្នុងភូមិកោះវៀន សង្កាត់កណ្តោដុំ ក្រុងច្បារមន ដើម្បីចាត់ចែងដោះស្រាយបន្ទាន់ ក្នុងការបញ្ជូនអ្នកជម្ងឺទៅព្យាបាល។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន លើកឡើងថា ដោយមានការចង្អុលបង្ហាញ និងណែនាំជាប្រចាំពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ ក្រុមការងារកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចុះសួសុខទុក្ខ និងនាំយកថវិកាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះប្រគល់ជូន លោកអនុសេនីយ៍ឯក ហង្ស សុលីន ដែលកំពុងសម្រាកព្យាលបាល នៅលំនៅដ្ឋានរបស់គាត់។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ ដែលតែងតែយកចិត្តទុកដាក់សុខទុក្ខ ចំពោះនាយទាហាន នាយទាហានរងទាំងអស់។
លោកមេបញ្ជាការ បានលើកទឹកចិត្តលោក ហង្ស សុលីន ថា អង្គភាពមិនបានទុកយុទ្ធមិត្តមួយណាម្នាក់ចោលនោះទេ បើទោះបីយុទ្ធមិត្តមានជម្ងឺ និងតម្រូវការចាំបាច់ អង្គភាព នឹងចាត់ចែងដោះស្រាយជូនបញ្ហាខ្វះខាតបន្ទាន់ ទោះតិចក្តី ច្រើនក្តីក្នុងនាមមហាយុទ្ធមិត្ត ។ លោកមេបញ្ជាការសន្យាថា បើទោះបីនៅមានបញ្ហាខ្វះខាត អង្គភាពនិងបន្តស្វះស្វែងគៀងគសប្បុរសជន ជួយនៅការខ្វះខាតទៅតាមលទ្ធភាពរបស់អង្គភាពតទៅទៀត៕