(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានចូលរួមខិតខំប្រឹងប្រែង រួមចំណែកគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ពលរដ្ឋរងគ្រោះ។

ការមានប្រសាសន៍បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នះថា «ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្ដែងនូវការកោតសរសើរ ចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ដែលបានខិតខំរួមចំណែកគាំទ្រ ដល់កាកបាទក្រហមកម្ពុជា ដែលខ្ញុំតែងតែលើកថា វិធីសាស្ដ្រនៅក្នុងការចាត់ចែង ដឹកនាំគ្រប់គ្រង នៅឯថ្នាក់មូលដ្ឋាន»។

សម្ដេចតេជោ បានបន្ដថា កាកបាទក្រហមមានភាពឈ្លៀសវៃ នៅក្នុងការប្រើប្រាស់តួនាទី របស់អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ឬថ្នាក់ដឹកនាំរបស់ខេត្ត ដើម្បីចូលរួមនៅក្នុងចលនា របស់កាកបាទក្រហមកម្ពុជា ដូច្នេះ មន្ដ្រីសាធារណៈ របស់យើងមួយចំនួន ជាពិសេសនៅតាមខេត្ត បានក្លាយជាសមាជិក និងជាអ្នកបម្រើរបស់កាកបាទក្រហមកម្ពុជា ក៏ប៉ុន្ដែយើងក៏ត្រូវដឹងថា ភារកិច្ចទាំងនោះ ជាភារកិច្ចរបស់អាជ្ញាធរ ដែលត្រូវដោះស្រាយ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដូច្នេះការបំពេញឲ្យគ្នាទៅវិញទៅមក រវាងអន្ដរាគមន៍របស់អាជ្ញាធរ ក៏ដូចជាការធ្វើសកម្មភាព របស់កាកបាទក្រហមកម្ពុជា មានទិសដៅតែមួយ គឺការដោះស្រាយបញ្ហាលំបាក របស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អ្នកដែលរងគ្រោះ និងអ្នកដែលងាយរងគ្រោះ។

ជាមួយគ្នានោះ ប្រមុខដឹកនាំកម្ពុជា ក៏បានកោតសសើរ ចំពោះយុវជនកាកបាទក្រហមកម្ពុជា ដែលមានបណ្ដាញនៅគ្រប់ទិសទី នៃសាខាកាកបាទក្រហមកម្ពុជា ដែលសម្ដេចអាចចាត់ទុកថា ជាបណ្ដាញព័ត៌មានដ៏ឆាប់រហ័ស ឆ្លើយតបយ៉ាងទាន់ពេលវេលា ចំពោះបញ្ហាគ្រោះធម្មជាតិ។

សម្តេចតេជោ បានថ្លែងថា វប្បធម៌នៃការជួយគ្នានេះ មិនមែនមានតែក្នុងប្រទេសកម្ពុជានោះទេ គឺមាននៅលើពិភពលោក ពោលមានប្រទេសជាច្រើន បានយកធនធានរបស់គេមកជួយ ដល់ប្រទេសកម្ពុជា។ សម្តេចតេជោ បន្ដថា វប្បធម៌នៃការចែករំលែកមិនមែនមានតែក្នុងក្របខណ្ឌជាតិទេ គឺបានធ្វើនៅក្នុងក្របខណ្ឌទូទាំងពិភពលោកទាំងក្របខណ្ឌទ្វេភាគី និងវេទិកាពហុភាគី៕