(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញនូវការកត់សម្គាល់អំពីបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើន ដែលកំពុងកើតមានលើបណ្ដាជនភៀសខ្លួន និងជនភៀសសឹកនៅទូទាំងពិភពលោក ហើយចាំបាច់ទាមទារឱ្យមានការសហការគ្នាជួយសង្គ្រោះ និងដោះស្រាយប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា គ.ស ២០១៩។
សម្ដេចតេជោបានលើកឡើងថា សភាពការពិភពលោកកំពុងមានការប្រែប្រួល ទាំងការប្រែប្រួលភូមិសាស្ត្រនយោបាយ សង្គ្រាមកលយុគ ការប្រែប្រួលអាកាសធាតុ ពិសេសវិបត្តិជនភៀសខ្លួនពីតំបន់មជ្ឈិមបូព៌ា និងបញ្ហាជនភៀសសឹកនៅទូទាំងពិភពលោកផងដែរ។
សម្ដេចបានបន្តថា ក្រៅពីវិបត្តិជនភៀសខ្លួនពីតំបន់មជ្ឈិមបូព៌ាទៅកាន់តំបន់អឺរ៉ុប និងទៅកន្លែងផ្សេងទៀត ប្រទេសនីមួយៗក៏កំពុងមានជនភៀសសឹក ដែលគេចខ្លួនចេញពីសង្គ្រាមផងដែរ ដូចជានៅតំបន់អាស៊ីអាគ្នេយ៍ នោះគឺបញ្ហាជនជាតិរ៉ូហ៊ីងយ៉ាដែលកំពុងរស់នៅប្រទេសបង់ក្លាដេស ហើយមិនទាន់បានធ្វើមាតុភូមិនិវត្តន៍នៅឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា នៅចំពោះមុខបញ្ហាខាងលើនេះ ប្រទេសកម្ពុជាក៏ត្រូវមានកាតព្វកិច្ចនៅផ្នែកណាមួយ ដើម្បីជួយដោះស្រាយបញ្ហាដ៏រ៉ាំរៃនេះ ដូចដែលកម្ពុជាធ្លាប់បានធ្វើចំពោះប្រទេសឡាវ ឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀត ដែលចំណុចនេះហើយជា «សិល្បៈនៃការចែករំលែក»។
ហេតុដូច្នេះហើយបានជាសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រកាសអំពាវនាវយ៉ាងទទូចដល់សហគមន៍អន្តរជាតិ សូមចូលរួមសហការគ្នាជួយសង្គ្រោះ និងជួយដោះស្រាយបញ្ហាដែលកើតមានលើជនភៀសខ្លួន និងជនភៀសសឹកទាំងនោះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕