(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សកម្មភាពមនុស្សធម៌របស់កាកបាទក្រហម បានចូលរួមចំណែកយ៉ាងពិសេស ដល់គោលនយោបាយគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមរៀងរហូតមក។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួប ១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានមោទកភាព ចំពោះការចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដែលសកម្មភាពទាំងអស់នេះបានរួមចំណែកយ៉ាងធំធេង ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ព្រោះថាជនរងគ្រោះត្រូវការជំនួយដែលជាផ្នែកមួយ នៃការគាំពារសង្គមរបស់រាជរដ្ឋាភិបាល ហើយដែលចំណុចនេះមិនមែន គ្រាន់តែឆ្នាំ២០១៨ និងពីនេះតទៅទេ ក៏ប៉ុន្តែកាកបាទក្រហមរបស់យើង បានចាប់ផ្តើមនូវសកម្មភាពឡើងវិញ តាំងពីក្រោយ៧មករា ឆ្នាំ១៩៧៩»

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋខ្មែររងគ្រោះជិត ១៤ម៉ឺនគ្រួសារ បានទទួលការជួយសង្គ្រោះពីកាកបាទក្រហមកម្ពុជា។ សម្តេចតេជោបានវាយតម្លៃថា សកម្មភាពសម្បុរសធម៌នេះ គឺជាសកម្មភាពដ៏អង់អាចក្លាហានរបស់កាកបាទក្រហម។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងរំលឹកពីគុណបំណាច់របស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ដែលបានខិតខំប្រឹងប្រែងងដឹកនាំសកម្មភាព កាកបាទក្រហមកម្ពុជាកាលពីអតីតកាល។ សម្តេចបញ្ជាក់ថា ជាមហាសំណាងមួយរបស់ប្រទេសកម្ពុជា ដែលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានធ្វើចលនាបង្កើតឱ្យមានកាកបាទក្រហមកម្ពុជានេះឡើងផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ខ្ញុំសូមយកឱកាសនេះ កោតសរសើរចំពោះសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលអម្បាញ់មិញប្រធានកាកបាទក្រហមកម្ពុជា បានធ្វើរបាយការណ៍ទោះបីជារបាយការណ៍នេះសង្ខេបតែយើងអាចដឹងបានពីសកម្មភាពមនុស្សធម៌ ដែលធ្វើសកម្មភាពយ៉ាងធំធេង។ យោងទៅលើរបាយការណ៍នេះ ចំនួនគ្រួសារប្រមាណជិត១៤ម៉ឺនគ្រួសារ ដែលបានទទួលជំនួយសង្រ្គោះពីកាកបាទក្រហមកម្ពុជា។ នេះពិតជាសកម្មភាពពោរពេញទៅដោយភាពអង់អាច និងឆ្ពោះទៅកាន់គោលដៅចំពោះជនដែលងាយរងគ្រោះ»

សម្តេចបន្តទៀតថា «កាកបាទក្រហមរបស់យើងមានការបែកខ្ញែក ទៅតាមភាគីនីមួយៗមិនទាន់មានការឯកភាពនៅឡើយ តែក្រោមព្រះរាជតម្រិះ និងក្រោមព្រះរាជដឹកនាំដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា សម្តេចឪ សម្តេចតារបស់យើង ក៏បានធ្វើឱ្យកម្ពុជាក្រហមភាគីទាំងអស់មានការឯកភាពគ្នា ហើយក៏បានធ្វើសកម្មភាពចាប់ពីពេលនោះ រហូតដល់ពេលនេះ»