(ស្វាយរៀង)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអាជ្ញាធរស្រុកស្វាយជ្រំ គណៈកម្មការផ្សារនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ បានចុះត្រួតពិនិត្យទំនិញជាច្រើនមុខ ដោយផ្តោតសំខាន់ទៅលើគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ នៅផ្សារស្វាយជ្រំ ខេត្តស្វាយរៀង ក្នុងគោលបំណងធានាសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ។
លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង បានឲ្យដឹងថា មន្ត្រីជំនាញបានពិនិត្យមុខទំនិញ ចំនួន១៧មុខជាលទ្ធផល ក្រោយការចុះអនុវត្តការងារ មន្ត្រីបានរកឃើញ សារធាតុគីមី ដែលដាក់ក្នុងមុខទំនិញងៀតបបែលចំនួន២គីឡូក្រាម ដែលមានសារធាតុគីមី ដែលវាអាចបំផ្លាញក្រពះពោះវៀនយ៉ាងធ្ងន់ធ្ងរ និងបានដកហួតបានទំនិញហួសសុពលភាព បានជាច្រើនមុខទៀតផងដែរ ហើយក្រោយរកឃើញមន្ត្រីជំនាញ បានយកទៅដុតកម្ទេចចោលតែម្តង។
ជាមួយគ្នានោះ លោកប្រធានកាំកុងត្រូលខេត្តស្វាយរៀង ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញាកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់មុនទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល បានសន្យានឹងបន្តចុះពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀតផងដែរ៕