(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលចាប់ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ រហូតដល់ប្រជាពលរដ្ឋមូលដ្ឋាន សូមរួមគ្នាធ្វើឱ្យប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា» ក្លាយទៅជាសកម្មភាពអនុវត្តជាក់ស្តែង និងក្លាយទៅជាចលនារបស់ជាតិទាំងមូល។

ការប្រកាសយ៉ាងឱឡារិករបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១៥៦ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា គ.ស ២០១៩។

នាឱកាសនោះ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ប្រធានបទ ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា មិនមែនគ្រាន់តែស្ថិតលើក្រដាសនោះទេ ប៉ុន្តែត្រូវធ្វើឱ្យចេញជាសកម្មភាពជាក់ស្ដែង ហើយក្លាយទៅជាចលនាជាតិ តាំងពីថ្នាក់កំពូលរហូតដល់ប្រជាជនធម្មតា រាប់ទាំងប្រជាជនដែលត្រូវការជំនួយសង្គ្រោះ និងប្រជាជនដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌»

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ថា ប្រជាជនកម្ពុជាប្រាកដជាអាចអនុវត្តបានស្របទៅនឹងទ្រឹស្ដី «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា» ហើយទ្រឹស្ដីមួយនេះវាអាចបង្កើតនូវភាពសុខដុមរមនានឹងគ្នារវាងអ្នកដែលមានលទ្ធភាព និងអ្នកដែលគ្មានលទ្ធភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមទៀតថា សប្បុរសជនទាំងអស់នឹងរួមគ្នាបរិច្ចាគធនធានជួយទ្រទ្រង់ដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងជនងាយរងគ្រោះទាំងឡាយ៕