(តាកែវ)៖ ជនជាតិចិនពីរនាក់ ដែលបានធ្វើសកម្មភាព ចាក់ប្លន់ម្ចាស់រថយន្តតាក់ស៊ី ម៉ាកឡិចស៊ីស RX300 ពណ៌ទឹកមាស នៅចំណុចស្រុកបាទី ខេត្តតាកែវ ដែលបម្រុងរត់ទៅលាក់ខ្លួននៅខេត្តកំពត ត្រូវបានកម្លាំងនគរបាលខេត្តតាកែវ តាមក្របួចចាប់បានពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នៅចំណុច ឃុំអង្គតាមសោម ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា ជនជាតិចិន០២នាក់ ដែលប្លន់រថយន្តតាក់ស៊ី មានឈ្មោះទី១៖ ឈ្មោះ ចាង ជីនស៊ីន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភ្នំពេញ និងទី២ឈ្មោះ សែវ ជីន ភេទស្រី អាយុ៣៤ឆ្នាំ សព្វថ្ងៃស្នាក់នៅភ្នំពេញ ដែលបានធ្វើសកម្មភាពយកកូនកាំបិតភ្ជង់គម្រាមប្លន់ ម្ចាស់រថយន្តតាក់ស៊ី ម៉ាក lexus RX300ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2P-8959 ដែលខ្លួនបានជួលជិះពីពោចិន ទៅខេត្តកំពត។
ពេលមកដល់ចំណុចផ្លូវជាតិលេខ៣ ជិតផ្សារគុម្ពឬស្សី ស្ថិតក្នុងឃុំតាំងដូង ស្រុកបាទី ម្ចាស់រថយន្តបានសុំចុះបត់ជើងធំ ហើយក៏បានប្រតាយប្រតប់ជាមួយជនសង្ស័យ បណ្តាលឱ្យម្ចាស់រថយន្តរងរបួសស្រាល រួចបានរត់មកប្តឹងសមត្ថកិច្ចនៅស្រុកបាទី ចំណែកជនសង្ស័យ បានបើករថយន្តរត់គេចខ្លួនសំដៅទៅខេត្តកំពត ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានឱ្យដឹងថា ក្រោយពីទទួលដំណឹងនេះភ្លាម លោកបានបញ្ជាកម្លាំងតាមបណ្តាស្រុក/ក្រុង និងកម្លាំងអន្តរាគមន៍ របស់ស្នងការដ្ឋាន ចុះល្បាតពួនស្ទាក់ ត្រួតពិនិត្យឆែកឆេរ រហូតដល់វេលាម៉ោង១៩៖៣០នាទី កម្លាំងជំនាញបានព័ទ្ធស្ទាក់ចាប់បានរថយន្តខាងលើ រួមទាំងជនសង្ស័យទាំង២នាក់ នៅចំណុចផ្លូវបំបែកអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
បើតាមលោកស្នងការខេត្តតាកែវ នៅក្នុងការសាកសួរចំលើយ លើជនសង្ស័យជាជនជាតិចិនទាំង២នោះ ជនសង្ស័យបានឆ្លើយពង្វាងថា មូលហេតុ ដែលខ្លួនយកកាំបិតចាក់លើជនរងគ្រោះ គឺបណ្ដាលមកពីខឹងនឹងអ្នកបើកឡាននិយាយទូរសព្ទ នៅក្នុងឡានយូពេក ដែលបង្ករំខានដល់ខ្លួន ដែលជាភ្ញៀវជួលជិះរថយន្ត។ តែទោះជាជនសង្ស័យឆ្លើយយ៉ាងណាក្តី នេះជាបទល្មើសជាក់ស្ដែង ព្រោះជនរងគ្រោះមានស្នាមចាក់ និងហូឈាមពេញខ្លួន ដូច្នោះរឿងនេះសមត្ថកិច្ច និងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមច្បាប់៕