(សៀមរាប)៖ លោក យិន ឃុនផយ អគ្គលេខាធិការគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះទៅនឹងមុខសញ្ញាគ្រោះថ្នាក់ជាច្រើន ដែលបង្កឡើងដោយធម្មជាតិ និងដោយមនុស្ស។
ជាក់ស្តែងពេលនេះ យើងកំពុងជួបប្រទះនូវភាពរាំងស្ងួតការកើនកម្តៅខុសធម្មតា ហើយយើងក៏ធ្លាប់បានជួបគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ ដែលនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ បង្កឱ្យមានការខូចខាតបាត់បង់ និងប៉ះពាល់យ៉ាងខ្លាំងដល់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន ក៏ដូចជាប៉ះពាល់ដល់វិស័យហេដ្ឋារចនាសម្ពន្ធ័ សេដ្ឋកិច្ចសង្គមនិងបរិស្ថានថែមទៀតផង។
ការលើកឡើងរបស់លោក យិន ឃុនផយ បានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីដំណើរការ កសាងផែនការសកម្មភាពជាតិកាត់ បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០១៩-២០២៣ នៅខេត្តសៀមរាប ដោយមានការចូលរួមពីមន្រ្តី នៃបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ទាំង២៥រាជធានី-ខេត្ត ដោយសិក្ខាសាលាពិគ្រោះ យោបល់លើកទី២ ស្តីពីដំណើរការកសាងផែនការសកម្មភាពជាតិនេះ ធ្វើឡើងក្នុងគោល បំណងរួមដើម្បីកសាងផែនការយុទ្ធសាស្ត្រជាតិមួយ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលជាផែនការសំខាន់ពាក់ពន្ធ័គ្រប់វិស័យ និងគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនាពេល អនាគតប្រកបដោយប្រសិទ្ធិភាព។
លោក យិន ឃុនផយ បានគូសបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នាពេល នេះ ជាវេទិកាអន្តរវិស័យមួយ ក្នុងការផ្តល់ធាតុចូល ដើម្បីធ្វើឱ្យបានសម្រេចនូវផែនការដ៏ត្រឹម ត្រូវមួយសម្រាប់ធ្វើជាឧបករណ៍ និងជាត្រីវិស័យក្នុងការអនុវត្ត និងជួយពង្រឹងតួនាទីភារៈកិច្ច របស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ក្រោមជាតិ ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគួ អភិវឌ្ឍន៍នានា ដើម្បីកាត់បន្ថយហានិភ័យគ្រោះហន្តរាយ និងជួយពង្រឹងយន្តការសម្រាប់ អនុវត្តន៏ និងវាយតម្លៃ តាមដានអំពីវឌ្ឍនភាពនៃការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ក្នុងកម្រិតទូទាំងប្រទេស។
ដូច្នេះការកសាងផែនការសកម្មភាពជាតិកាត់បន្ថយគ្រោះមហន្តរាយឆ្នាំ ២០១៩-២០២៣ ដែលនឹងសម្រេចបាននាពេលដ៏ខ្លីខាងមុខ គឺជាផែនការមេមួយ ជួយជម្រុញដល់ការអនុវត្តផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធិភាព ដោយត្រូវផ្តោតលើចំណុចអាទិភាព និងធ្វើការវិភាគលើបទពិសោធន៍ នៃការអនុវត្តផែនការ សកម្មភាពកន្លងមក ដើម្បីរកឱ្យឃើញនូវចន្លោះប្រហោង ភាពខ្លាំង និងខ្សោយសម្រាប់ធ្វើឱ្យ មានសុក្រិតភាពនៃផែនការមួយនេះ៕