(ភ្នំពេញ)៖ ក្រុមអ្នកជំនាញក្នុងការដាំបន្លែធម្មជាតិ បាននិយាយថា តម្រូវការបន្លែ ផ្លែឈើសរីរាង្គ និងធម្មជាតិ នៅក្នុងប្រទេសកម្ពុជា បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែប្រជាពលរដ្ឋចាប់ផ្តើមមានការយល់ដឹងខ្ពស់អំពីការថែទាំសុខភាពរបស់ពួកគាត់។
តំណាងក្រុមហ៊ុន ផ្សារសួនធម្មជាតិ (Natural Garden) បានអះអាងថា ការកើនឡើងនៃតម្រូវការទីផ្សារបន្លែ ផ្លែឈើធម្មជាតិនេះ បានតម្រូវឱ្យក្រុមហ៊ុនរបស់លោក មានមហិចតា ពង្រីកទីផ្សារដាំបន្លែ ផ្លែឈើ សរីរាង និងធម្មជាតិ កាន់តែច្រើននៅកម្ពុជា។
ផ្សារសួនធម្មជាតិ (Natural Garden) បានពង្រីកសាខារបស់ខ្លួនមួយបន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលគាំទ្របន្លែ ផ្លែឈើ ដែលដាំដុះដោយប្រជាកសិករក្នុងស្រុក ដែលមិនប្រើប្រាស់សារធាតុគីមី ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ១៥៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រធានគ្រប់គ្រងសាខាផ្សារសួនធម្មជាតិសាខាផ្សារដើមថ្កូវ បានប្រាប់ឱ្យដឹងថា ផ្សារសួនធម្មជាតិបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ មកម៉្លេះដែលពេលនោះ ភ្ញៀវភាគច្រើនជាជនជាតិបរទេស ហើយរហូតមកដល់ពេលសព្វថ្ងៃនេះ ការយល់ដឹងពីអត្ថប្រយោជន៍នូវការប្រើប្រាស់បន្លែ ផ្លែឈើ សរីរាង្គរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ យើងសង្កេតឃើញថាសន្ទុះនៃតម្រូវការ បន្លែ ផ្លែឈើ សរីរាង្គក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឱ្យសព្វថ្ងៃផ្សារសួនធម្មជាតិមានសាខារហូតដល់ទៅ៥ទៅហើយ។
លោកបន្តទៀតថា «អាហារ បន្លែ សរីរាង្គ គឺវាពិបាកក្នុងការដាំដុះខ្លាំងមែនទែនដោយសារតែ បន្លែ របស់យើងមិនបានប្រើប្រាស់ថ្នាំគីមី ដើម្បីឱ្យបន្លែស្រស់ និងលូតលាស់លឿននោះទេ ជាពិសេសថែមទៀតនោះវាក៏មិនបាន ប្រើប្រាស់សារធាតុគីមី ដើម្បីរក្សាទុកផងដែរ និយាយជារួម គឺវាជំនួយដល់សុខភាពអ្នកប្រើប្រាស់ច្រើនមែនទែន ពិសេសលើសពីនេះទៀតនោះបន្លែ សរីរាង្គក៏មិនថ្លៃជា បន្លែ ផ្លែឈើដែលដាក់លក់នៅលើទីផ្សារ ប៉ុន្មាននោះដែរ គឺវាអាចថ្លៃជាងត្រូវ ១០០០រៀល ទៅ ២០០០រៀល តែប៉ុណ្ណោះតែវាបានផ្តល់ឱ្យយើង នូវអត្ថប្រយោជន៍ជាច្រើន ដែលយើងនឹកស្មានមិនដល់ដែលប្រជាជនយើងគួរតែងាកមកបរិភោគអាហារធម្មជាតិ ដូចជាបន្លែសរីរាង្គនេះ»។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះ ផ្សារសួនធម្មជាតិ មានសាខាមានចំនួន៥សាខា ហើយដែលដំណើរការលក់នូវអាហារសរីរាង្គជូនអតិថិជន ប្រើប្រាស់ជាប្រចាំ៕