(កណ្តាល)៖ ដើម្បីធ្វើការផ្សព្វផ្សាយនូវបទប្បញ្ញត្តិស្ដីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តិនានា អគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលខេត្តកណ្ដាល បានបើកសិក្ខាសាលាមួយ ស្ដីពីការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ និងការត្រៀមអនុវត្តប្រកាសស្តីពីការកំណត់ មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែឧសភានេះ នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាពលោក ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល។

លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្ដាល បានឲ្យដឹងថា កន្លងទៅរាជរដ្ឋាភិបាលបាន សម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញ នៅឧបសម្ព័ន្ធ ស្តីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុងអនុវ ត្តអស់រយៈពេលជិត១០ឆ្នាំកន្លងមកហើយនេះ ហើយដើម្បីស្របតាមការរីកចម្រើន ខាងវិស័យអប់រំនៅកម្ពុជាក៏ដូចជានៅក្នុងខេត្តកណ្ដាលបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញនូវប្រកាស លេខ ៣៤៣ សហវ .ប្រក ដែលបានចុះថ្ងៃទី ២២ ខែមិនាឆ្នាំ ២០១៩ ស្ដីពីការកំណត់ មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី០១ ខែកក្កដាឆ្នាំ ២០១៩ នេះតទៅ។

បើយោងតាមប្រកាសថ្មីនេះ ការកំណត់តម្លៃ គឺមិនឲ្យលើសពី ៧០% នៃតម្លៃជាក់ស្តែងនៅលើទីផ្សារ នៅឡើយ ក្រៅពីការធ្វើបច្ចុប្បន្នភាព តម្លៃប្រការនេះ ក៏មានការកែសម្រួលទាក់ទងទៅនឹង ភូមិសាស្ត្រនានាផងដែរ ដោយបន្ថែមឬកែសម្រួល កំណត់ផ្លូវមេបន្ថែមតំបន់អភិវឌ្ឍន៍ ឬក៏បូរី ដែលទើបតែបង្កើតថ្មីជាដើម។

លោក ហេង សុខណាង អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ ថា ការកែសម្រួលតម្លៃមូលដ្ឋានគិតពន្ធនេះ គឺមិនបានជះឥទ្ធិពលដល់តម្លៃប្រាក់ពន្ធ អចលនទ្រព្យប្រចាំឆ្នាំនោះទេ សម្រាប់ពន្ធអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៩ នៅតែអនុវត្តជាធរមាន មិនមានការប្រែប្រួលទេ គឺធ្លាប់បង់នៅឆ្នាំ២០១៨ ប៉ុន្មាន គឺត្រូវបង់សម្រាប់ឆ្នាំ២០១៩ ប៉ុណ្ណឹងដែរ។

តម្លៃអចលនទ្រព្យ ដែលជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលកំណត់ក្នុងឧបសម្ព័ន្ធនៅតាមរាជធានីខេត្ត គឺមានការចូលរួមពិភាក្សាយ៉ាងល្អិតល្អន់ ទាំងស្ថាប័នរដ្ឋ និងវិស័យជនទើបសម្រេចចេញ ប្រកាសកាលពីថ្ងៃទី២២ខែមីនា ឆ្នាំ២០១៩ ដោយក្រសួងសេដ្ឋកិច្ច ដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ តទៅ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ របស់សាខាពន្ធដារខេត្តកណ្ដាល ឆ្នាំ ២០១៨ កន្លងទៅ សាខាពន្ធដារខេត្តកណ្ដាល បានប្រមូលចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ បានចំនួនប៉ុន្មាន ៤៩ ពាន់លានរៀល ដែលស្មើនឹង ប្រមាណ១២លានដុល្លារ។ ដោយឡែកសម្រាប់រយៈពេល ៤ខែដើមឆ្នាំ ២០១៩ នេះ ការប្រមូលពន្ធបានចំនួន ១៧ ពាន់លានរៀល ដែលស្មើនឹង ប្រមាណ ៤លានដុល្លារអាមេរិក៕