(បាត់ដំបង)៖ អតីតសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ៣រូប បានចូលបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ខណៈ២រូបទៀត នឹងត្រូវចូលបំភ្លឺ នៅវេលាម៉ោង២រសៀល ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកាលពីថ្ងៃតី១៦ ខែឧសភា ឆ្នាំ២០១៩។
អតីតសកម្មជន CNRP ដែលត្រូវឡើងឆ្លើយបំភ្លឺនៅតំណាងអយ្យការនាថ្ងៃនេះ រួមមាន៖ ១៖ ឈ្មោះ សម វង្សតារ៉ា អតីតជំទប់ទី២ នៃសង្កាត់អូរម៉ាល់, ២៖ ឈ្មោះ តន់ សាម៉ន អតីតចៅសង្កាត់វត្តគរ, ៣៖ ឈ្មោះ រឿន កែប អតីត ចៅសង្កាត់ក្តុលដូនទាវ (៣នាក់ចូលបំភ្លឺពេលព្រឹក) ៤៖ ឈ្មោះ សាំង ប៊ុនម៉ៅ ជំទប់ទី២ សង្កាត់ស្វាយប៉ោ និង៥៖ ឈ្មោះ ផាន់ រ៉េត អតីតជំទប់ទី១សង្កាត់ក្តុលដូនទាវ (អ្នកទាំងពីរចូលបំភ្លឺពេលល្ងាច) ។
តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News ប្រចាំខេត្តបាត់ដំបង បានឱ្យដឹងថា ខណៈដែលព្រះរាជអាជ្ញារង គឺ បុណ្ណារ៉ា កំពុងសាកសួរសកម្មជនទាំង៣នាក់ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកានោះ មានសកម្មជននៃអតីតគណបក្សប្រឆាំងមួយចំនួន បាននាំគ្នាមកឈរនៅមុខសាលាដំបូងខេត្តបាត់ដំបង ដើម្បីរង់ចាំស្តាប់លទ្ធផលនៃការសាកសួរពីតុលាការផងដែរ។
លោក សម វង្សតារា អ្នកដែលបានចូលបំភ្លឺរួចហើយ បាននិយាយប្រាប់អ្នកយកព័ត៌មានថា ពួកគាត់មិនដឹងថា តុលាការបានកោះហៅគាត់មកសាកសួររឿងអ្វីទេ ព្រោះកាលពីអតីតគណបក្សសង្រ្គោះជាតិត្រូវបានរំលាយហើយមក ពួកគាត់គ្រាន់តែ ជួបជុំគ្នានិយាយលេងជាមួយមិត្តភក្តិ អ្នកធ្លាប់ស្គាល់គ្នាទូទៅជាធម្មតា ពុំមានការប្រឆាំងអ្វីនឹងសាលដីកាតុលាការណាមួយឡើយ។
ចំណែកសមត្ថកិច្ចក៏បានទទួលបទបញ្ជាឱ្យមកឈរយាមការពារសន្តិសុខ សុវត្តិភាព ជូនពួកគាត់ ចៀសវាងមានបញ្ហាអ្វីកើតឡើងនៅពេលតុលាការកំពុងសាកសួរផងដែរ។
សូមបញ្ជាក់ថា លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាជាបន្តបន្ទាប់ កោះហៅអតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិ២០រូប នៅខេត្តបាត់ដំបង ឱ្យចូលបំភ្លឺនៅតំណាងអយ្យការខេត្តបាត់ដំបង នាខែឧសភានេះ ពាក់ព័ន្ធនឹងករណីប្រឆាំង និងបំពានសាលដីកាតុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតសកម្មជនក្រុមប្រឆាំងនោះមានទាំង លោក ជា ជាវ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, កញ្ញា ស៉ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចារ, អតីតចៅសង្កាត់ ទូល តាឯក, លោក ម៉ក់ រ៉ា និងលោក ឃួន ចំរើន អតីតចៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង និងអតីតសមាជិកក្រុមប្រឹក្សា ខេត្តបាត់ដំបង។
ការចេញដីកាកោះហៅនេះ បានធ្វើឡើងបន្ទាប់ពី អតីតតំណាងរាស្រ្ត-សកម្មជន អតីតគណបក្សសង្រ្គោះជាតិ នៅខេត្តបាត់ដំបងទាំងនោះ បានចេញវីដេអូមួយចំនួនគាំទ្រដល់សកម្មភាពរបស់ លោក សម រង្ស៉ី នៅក្រៅប្រទេស៕