(សិនចិន)៖ ដើម្បីទាក់ទាញការបណ្តាក់ទុនកាន់តែច្រើនថែមទៀតពីប្រទេសចិន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញសាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនិស្សិតនៃសាកលវិទ្យាល័យសិនចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពធុរកិច្ចកម្ពុជា ដល់វិនិយោគិនចិន ជាពិសេសសហគមន៍ធុរកិច្ច ដែលមានការិយាល័យកណ្តាលនៅក្នុងទីក្រុងសិនចិន។

លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើង នាឱកាសអញ្ជើញធ្វើបឋកថា ស្តីពី «អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីការចូលរួមក្របខណ្ឌយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវ របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង» ជូនសាស្ត្រាចារ្យ និងនិស្សិតចំនួន ១០០នាក់ នៅក្នុងសាកលវិទ្យាល័យសិនចិន ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការអនុវត្តយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលបាននាំមកនូវការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច វិនិយោគ ហិរញ្ញវត្ថុ និងវប្បធម៌ ជាមួយប្រទេសនានាក្នុងតំបន់ និងពិភពលោក ហើយក្នុងនោះកម្ពុជា ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីគំនិតផ្តួចផ្តើមនេះ។

លោករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា និងបានជម្រាបជូនសាស្ត្រាចារ្យ និងនិស្សិតទាំងអស់ អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ព្រមទាំងទំហំពាណិជ្ជកម្មកម្ពុជា-ចិន ដែលកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ ៧,៤០០លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចិនមានទំហំទឹកប្រាក់ ១,៣៧៧លានដុល្លារអាមេរិក កើនឡើង ៣៧% និងនាំចូលមានទំហំទឹកប្រាក់ ៦,០០០លានដុល្លារអាមេរិក គឺបានកើនឡើង ២៦%។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Li Qingquan សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសិនចិន បានសម្តែងនូវអារម្មណ៍រំភើប និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់កិត្តិយស និងបានចំណាយពេលដ៏មានតម្លៃ អញ្ជើញធ្វើបឋកថាដ៏សំខាន់ ជូននិស្សិត និងបុគ្គលិកសិក្សាទាំងអស់។

លោកសាកលវិទ្យាធិការ ក៏បានជូនពរលោករដ្ឋមន្រ្តី និងគណៈប្រតិភូ ឱ្យសម្រេចបានជោគជ័យនៅក្នុងដំណើរបេសកកម្មមកកាន់ប្រទេសចិន និងបានសន្យាជួយផ្សព្វផ្សាយអំពីសក្តានុពលប្រទេសកម្ពុជា និងកាលានុវត្តភាពធុរកិច្ច ដល់វិនិយោគិនចិន ជាពិសេសសហគមន៍ធុរកិច្ច ដែលមានការិយាល័យកណ្តាលនៅក្នុងទីក្រុងសិនចិន៕