(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។

ពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា»។ ទន្ទឹមការប្រារព្ធពិធីអបអរសាទរខួប១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ហើយនោះ ក៏មានពិធីអបអរខួប ១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) ផងដែរ។

ការប្រារព្ធទិវាដ៏មហោឡារឹកនេះ ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មានការចូលរួមពីមានវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ សប្បុរសជន និងសិស្ស និស្សិតសរុបប្រមាណ ៤ពាន់នាក់។ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបាន និងកៀរគររកមូលនិធិ ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។

កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺជាអង្គការមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ធ្វើសកម្មភាពលើការងារ ស្នូលចំនួន ៤រួមមាន៖

ទី១. ការចូលរួមចំណែកសង្គ្រោះជីវិត កសាងភាពធន់ ទៅនឹងគ្រោះមហន្ដរាយដោយធម្មជាតិ និងមនុស្សបង្កើតឡើង,
ទី២. ចូលរួមចំណែកកាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ ការពារជំងឺឆ្លងៗផ្សេង និងអន្ដរាគមន៍សុខភាពគ្រាអាសន្ន,
ទី៣. ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធមនុស្ស សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌ អហិង្សា និង
ទី៤. ពង្រឹងការរក្សាកិត្ដិនាម កាកបាទក្រហមកម្ពុជា ជាសមាគមជាតិមានដំណើរការល្អ ក្នុងការសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ នៅគ្រប់ទីកន្លែង និងទាន់ពេលវេលា។

ដើម្បីឆ្លើយតបបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាពក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្សនោះ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឆ្នាំ២០១៨កន្លងទៅ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំជួយដល់ប្រជាពលរដ្ឋខ្មែរដែលបានរងគ្រោះ។

របាយការណ៍បង្ហាញថា ឆ្នាំ២០១៨កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ចំនួន១៣៩,១១៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋរងគ្រោះ ១០៣,៣៣២គ្រួសារ នឹងងាយរងគ្រោះបំផុតចំនួន ៥៤,៣៣៨គ្រួសារ ព្រមទាំងប្រជាពលរដ្ឋ ដែលទទួលសេវាម្មមនុស្សធម៌ផ្សេងទៀតជាង ១០ម៉ឺនគ្រួសារ។

លើសពីនោះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ផ្ទះដល់ចាស់ជរាគ្មានទីពឹង និងស្ត្រីម៉េម៉ាយកូនច្រើន បានចំនួន ១៦៧ខ្នងផ្ទះ, ផ្តល់អណ្តូងទឹកស្អាត ១៣៩អណ្ដូង, បង្គន់អនាម័យ ៤៥៣បង្គន់, ផ្តល់ស៊ីទែនទឹកចល័តចំនួន៤, ផ្តល់ទូកសហគមន៍ចំនួន៤ និងផ្តល់រទេះរុញដល់ជនពិការ ចំនួន៥៥០គ្រឿង។

សូមបញ្ជាក់ថា ពិធីអបអរសាទរខួប១៥៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា កាលពីឆ្នាំ២០១៨កន្លងទៅ កាកបាទក្រហមកម្ពុជា ទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជននានាសរុបជាង ១៨លានដុល្លារអាមេរិក។ ប្រាក់សប្បុរសធម៌នេះក្រៅពីជួយដល់ជនរងគ្រោះបណ្តាលមកពីគ្រោះធម្មជាតិ និងបញ្ហាផ្សេងៗហើយនោះ កាកបាទក្រហមកម្ពុជា បានយកថវិកាប្រមាណ ១លានដុល្លារឧបត្ថម្ភទៅមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ ការឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផានេះ បានធ្វើឡើងចាប់តាំងពីឆ្នាំ២០១២មក៕