(ហុងកុង, ចិន)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានពន្យល់អំពីគោលនយោបាយយុទ្ធសាស្ត្រ និងជំហររបស់រាជរដ្ឋាភិបាល ក្នុងការបន្តជួយគាំទ្រឧស្សាហកម្មវាយភណ្ឌ និងកាត់ដេរសម្លៀកបំពាក់នៅក្នុងប្រទេសកម្ពុជា ដោយចាត់ទុកវិស័យនេះ ជាវិស័យសក្ដានុពលមួយ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
ការពន្យល់របស់លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដែលលោកដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ធំៗ មានដូចជា H&M, C&A, Adidas Sourcing, Next Sourcing, Vanity Fair Corporation ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង តំណាងឱ្យអ្នកបញ្ជាទិញ៣០% នៃឧស្សាហកម្មវាយភណ្ឌរបស់កម្ពុជា កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ទី៦-៧ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបង្កើនទំនុកចិត្ត និងការបញ្ជាទិញកាន់តែច្រើនពីក្រុមហ៊ុនទាំងអស់នោះ។
ក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងអំពីយុទ្ធសាស្ត្រចតុកោណ គោលនយោបាយគាំពារវិនិយោគ កាលានុវត្តភាពធុរកិច្ច និងកំណែទម្រង់ថ្មីៗដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៨ សំដៅលើកកម្ពស់បរិយាសវិនិយោគ ជាពិសេសជួយសម្រួលការធ្វើធុរកិច្ចរបស់វិស័យឯកជន នៅក្នុងប្រទេសកម្ពុជា។
បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនតំណាងក្រុមហ៊ុនទាំងអស់ អំពីការចូលរួមរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងការលើកស្ទួយវិស័យវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងគោលនយោបាយជាតិ ស្តីពីការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងខ្លឹមសារសេចក្តីព្រាងច្បាប់វិនិយោគថ្មី ដែលកំពុងត្រូវបានធ្វើវិសោធនកម្មមាត្រាមួយចំនួនឡើងវិញ ដើម្បីពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ឱ្យមានភាពស្របគ្នាទៅនឹងបរិការណ៍តំបន់។
សូមជម្រាបថា បច្ចុប្បន្នឧស្សាហកម្មវាយភណ្ឌ និងកាត់ដេរសម្លៀកបំពាក់កម្ពុជា បានស្រូបយកកម្លាំងពលកម្មប្រមាណជាង ៨៥ម៉ឺននាក់។ នៅក្នុងនោះចំនួនរោងចក្រសរុបមានប្រមាណ ១,៥៨៥ទីតាំង គឺបានកើនឡើង ៤,១% បើធៀបនឹងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ ការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ទៅកាន់ទីផ្សារអន្តរជាតិ កាលពីឆ្នាំ២០១៨ មានទឹកប្រាក់ជាង ១០ប៊ីលានដុល្លារ ដែលកើនឡើងប្រមាណ ២៤,៧% បើធៀបនឹងឆ្នាំ២០១៧ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា៕