(កំពត)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសមយុទ្ធ «ហនុមានមាស ២០១៩» នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត។
សមយុទ្ធ «ហនុមានមាស ២០១៩» មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
លំហាត់សមយុទ្ធ «ហនុមានមាស ២០១៩» មានកងទ័ពចូលរួមប្រមាណជាង១០០០នាក់ រៀបចំឡើងដោយកងទ័ពជើងគោក ជាមួយនឹងការប្រើប្រាស់នៅអាវុធយុទ្ធភណ្ឌទំនើបៗផងដែរ។
លំហាត់សមយុទ្ធ «ហនុមានមាស ឆ្នាំ២០១៩» ត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពជើងគោក ក្នុងកិច្ចការពារបូរណភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត។
សមយុទ្ធនេះក៏ជាការវាស់ស្ទង់សមត្ថភាព ក្រោយពីធ្វើការហ្វឹកហ្វឺនតាមបណ្តាសាលា និងកងឯកភាពរួចផងដែរ។ មួយវិញទៀត សមយុទ្ធហនុមានមាស នឹងជួយលើកកម្ពស់សមត្ថភាព គុណភាព ផ្តល់ចំណេះដឹងការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធដល់កម្មសិក្សា នាយទាហានសេនាធិការ ក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចក្នុងពេលប្រយុទ្ធថែមទៀត។
ការចាត់តាំងធ្វើសមយុទ្ធបាញ់គ្រាប់ពិតហនុមានមាស ២០១៩ លើកនេះ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចលើការងារ ហ្វឹកហ្វឺនស្របនឹងផែនការដែលបានដាក់ចេញ ក្នុងនោះយើងរំពឹងនឹងទទួល បានបទពិសោធន៍ជាក់ស្តែង លើការងារមួយចំនួនដូចជា៖ ពង្រឹងសមត្ថភាពជំនាញដល់នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដីនាពេលបច្ចុប្បន្ន និងទៅអនាគត។ ត្រួតពិនិត្យ វាស់ស្ទង់ និងវាយតម្លៃសមត្ថភាពរបស់យោធិនយើង ក្រោយពីការហ្វឹកហ្វឺននៅតាមបណ្តាសាលា និងកងឯកភាពរួច។ លើកកម្ពស់គុណភាពការងារ និងផ្តល់ចំណេះដឹងលើការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធ ដល់កម្មសិក្សា នាយទាហានសេនាធិការក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចជាក្នុងពេលប្រយុទ្ធ ជាពិសេសធ្វើឱ្យកាន់តែប្រទាក់ក្រឡាគ្នា និងកាន់តែប្រសើរឡើងរវាងការងារត្រៀមប្រយុទ្ធ ប្រយុទ្ធជាមួយនឹងការងារធានា។
បន្ថែមពីនេះ ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញអំពីការរួបរួមសាមគ្គីសហការជាធ្លុងមួយ របស់កងយោធពលខេមរភូមិន្ទ ដែលជាសសរទ្រូងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ហើយក៏ជាការបញ្ជាក់ និងបង្ហាញឱ្យកម្លាំងអមិត្តដឹងថា កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏នៅតែស្មោះត្រង់ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានជានិច្ចដោយឥតងាករេ៕