(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកនូវភាពសុខដុមរមនីយកម្ម ផ្នែកសាសនានៅក្នុងប្រទេសកម្ពុជា ដូចសព្វថ្ងៃនេះ គឺជាកេរមរតកប្រវត្តិសាស្រ្ត នៃការខិតខំដឹកនាំរយៈពេល៤០ឆ្នាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសម្តេច រួមជាមួយថ្នាក់ដឹកនាំដទៃទៀត។
ការលើកឡើងយ៉ាងដូច្នេះរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយខ្មែរ-ឥស្លាមសរុប ៤,៧៥០នាក់ នៅកោះពេជ្រ ក្នុងនោះមានមកពីតាមបណ្តាខេត្ត ២,៤៥០នាក់ និងក្នុងរាជធានីភ្នំពេញ ១,៩៨០នាក់ នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ។
នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការខិតខំក្នុងការបង្កើតសុខដុមនីយកម្មជាតិ និងសាសនា។
សម្តេចបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលជាកេរដំណែលជាប្រវត្តិសាស្រ្ត របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាខ្លួនខ្ញុំ ជាមួយថ្នាក់ដឹកនាំដទៃទៀតរបស់គណបក្ស និងរាជរដ្ឋាភិបាល នោះគឺសមិទ្ធផលនៃការបង្រួបបង្រួមជាតិ នៃការបញ្ចប់សង្រ្គាមតាមរយៈនយោបាយឈ្នះឈ្នះ ប៉ុន្តែបញ្ហាធំជាងនេះទៅទៀត នៅត្រង់ថា ប្រទេសរបស់យើងមិនមែនខិតខំទប់ស្កាត់រវាងជាតិសាសន៍ និងសាសនានោះទេ អ្វីដែលយើងបានធ្វើក្នុងរយៈពេល៤០ឆ្នាំកន្លងផុតទៅនេះ នោះគឺការធ្វើសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ «ការខុសគ្នាខាងសាសនា មិនមែនជាឧបសគ្គ ដើម្បីការអភិវឌ្ឍប្រទេសនោះទេ ដូច្នេះនេះជាកេរដំណែលប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា បានរៀបចំឡើងក្នុងរយៈពេល ៤០ឆ្នាំ ហើយចំណុចនេះ គឺជាចំណុចដែលខ្ញុំសង្ឃឹមថា អ្នកដែលបន្តវេនទៅជំនាន់ក្រោយ ត្រូវខិតខំការពារឱ្យបាននូវការបង្រួបបង្រួមជាតិ ការពារឱ្យបាននូវភាពសុខដុមរមនា នៅក្នុងសាសនា កុំមើលស្រាលឱ្យសោះ»។
សម្តេចបានសង្កេតឃើញថា នៅប្រទេសមួយចំនួន គ្រាន់តែសាសនាដូចគ្នាតែនិកាយខុសគ្នា ក៏មានបញ្ហាបាត់ទៅហើយ តែកម្ពុជាមានភ័ព្វសំណាង ដែលបានរៀបចំគោលនយោបាយជាតិសាសន៍ និងសាសនានៅក្នុងប្រទេសរបស់យើង ដែលធ្វើឱ្យប្រទេសគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ ទាក់ទងនឹងជាតិសាសន៍ និងសាសនានោះទេ។ ប្រជាពលរដ្ឋមានសេរីភាពក្នុងជំនឿសាសនា មិនមានការបង្ខិតបង្ខំ៕