(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចេញនូវបទបញ្ជាមួយ ឲ្យមានកន្លែងថ្វាយបង្គំ នៅតាមមន្ទីរពេទ្យ ហើយទៅថ្ងៃខាងមុខ អាចនឹងមានការរៀបចំ ឲ្យមានកន្លែងថ្វាយបង្គំ នៅតាមសាលារៀនថែមទៀតផង ដើម្បីសម្រួលដល់បងប្អូនឥស្លាម។
ការលើកឡើងយ៉ាងដូច្នេះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្ដេច អញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយខ្មែរ-ឥស្លាមសរុប ៤,៧៥០នាក់ នៅកោះពេជ្រ ក្នុងនោះមានមកពីតាមបណ្តាខេត្ត ២,៤៥០នាក់ និងក្នុងរាជធានីភ្នំពេញ ១,៩៨០នាក់ នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចេញនូវបទបញ្ជាសម្រាប់ មន្ទីរពេទ្យរដ្ឋទាំងអស់ ឲ្យមានទីកន្លែងសម្រាប់បងប្អួនឥស្លាម ដែលជាអ្នកជំងឺ ឬក៏ជាគ្រូពេទ្យ មានការថ្វាយបង្គំ»។
សម្ដេចតេជោ បានបន្ថែមទៀតថា «ចំណុចនេះ យើងនឹងឈានទៅពង្រីក នៅតាមសាលារៀននានាទៀតផង ដែលនៅទីកន្លែងនោះ ផ្ដល់ឱកាសឲ្យសិស្សនិស្សិត ក៏ដូចជាសិស្សសាលា ដែលជាសានិកឥស្លាម មានឱកាស ថ្វាយបង្គំ បំពេញកាតព្វកិច្ចក្នុងឋានៈ ជាអ្នកកាន់សាសនាឥស្លាម»។
ជាមួយគ្នានោះ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា នៅកម្ពុជាសិស្ស និស្សិតខ្មែរ-ឥស្លាម អនុញ្ញាត ឲ្យស្លៀកសម្លៀកបំពាក់ប្រពៃណីចូលសាលារៀន ដោយមិនតម្រូវឲ្យស្លៀកឯកសណ្ឋាន តាមការតម្រូវរបស់សាលានោះទេ។ សម្តេចតេជោ បានចោទសួរទៅប្រទេសអួតជាបិតាប្រជាធិបតេយ្យទាំងឡាយ បានអនុវត្តលើចំណុចនេះហើយឬនៅ?
នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានគូសបញ្ជាក់ថា ជាការពិត ដែលយើងបាននឹងកំពុងអនុវត្ដ មិនមែនគ្រាន់តែទ្រឹស្ដីការឃោសនា យុទ្ធនាការបោះឆ្នោតនោះទេ ក៏ប៉ុន្ដែយើងបានធ្វើរឿងនេះ ដោយពិតប្រាកដ។ សម្ដេចតេជោ សង្ឃឹមថា យើងនឹងខិតខំដោះស្រាយបន្ដទៅទៀត តាមរយៈនៃការរៀបចំ ឲ្យកាន់តែប្រសើរឡើង នៅទីកន្លែងនានា សម្រាប់ការដោះស្រាយបញ្ហានានា។
សម្ដេចតេជោ បានបន្ថែមទៀតថា អាណត្ដិថ្មីនេះ មានសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងនៅតាមស្ថាប័នជាច្រើន ត្រូវបានរៀបចំឡើង សង្ឃឹមថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជានិស្សិត ជាយុវជន របស់ឥស្លាម មានកាន់តែច្រើន ដែលផ្ដល់ឱកាសសម្រាប់ការជ្រើសរើស រៀបចំនៅក្នុងក្របខណ្ឌមន្ដ្រីសាធារណៈ ក៏ដូចជាមន្ដ្រីក្នុងមុខងារនយោបាយ៕