(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បណ្តាប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) ទាំងអស់ឱ្យផ្តល់ឱកាសការងារដល់ ប្រជាពលរដ្ឋខ្មែរ ជាពិសេសសាសនិកឥស្លាម ខណៈដែលកម្ពុជា និងអង្គការនេះ នឹងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរជាមួយគ្នា។
ការលើកឡើងរបស់ក្នុងសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយខ្មែរ-ឥស្លាមជិត៥ពាន់នាក់ នៅយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា កម្ពុជាចង់មានទំនាក់ទំនងជាមួយបណ្តាប្រទេសជាសមាជិក OIC ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាមួយកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាក៏ចង់បានប្រទេសទាំងអស់នេះ ជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូករណ៍ដល់និស្សិតខ្មែរ-ឥស្លាម ព្រមទាំងទទួលយកពលករខ្មែរផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងក៏ចង់រកទីផ្សារការងារ សម្រាប់បងប្អូនសាសនិកឥស្លាម នៅកម្ពុជាផងដែរ។ តាមខ្ញុំដឹងប្រទេសថៃ ហ្វីលីពីន ហើយខ្ញុំក៏ធ្លាប់ជួបអ្នកទាំងនោះ នៅក្នុងប្រទេសដែលខ្ញុំធ្លាប់ទៅ ដូចជាអារ៉ាប់ ឬគុយវេត គឺខ្ញុំធ្លាប់ទៅទីនោះ ខ្ញុំធ្លាប់ជួបពលករហ្វីលីពីន ខ្ញុំធ្លាប់ជួបពលករថៃដែលធ្វើការនៅទីនោះ ហើយកម្ពុជាក៏មានសមត្ថភាពអាជបញ្ជូនពលករ ទៅរកការងារធ្វើនៅទីនោះដោយស្របច្បាប់ ហើយខិតខំធ្វើយ៉ាងម៉េចបញ្ចៀសពលករដែលទៅធ្វើការទីនោះដោយខុសច្បាប់»។
ក្រៅពីការចង់ឱ្យបងប្អូនសាសនិកឥស្លាម ទទួលបានការងារនៅប្រទេស OIC សម្តេចក៏ចង់ឱ្យប្រទេសទាំងនោះ ទទួលយកពលករខ្មែរដែលមិនមានកាន់សាសនាឥស្លាមផងដែរ ប៉ុន្តែទោះជាយ៉ាងណាសម្តេចទទួលស្គាល់ថា ពលករខ្មែរដែលមិនមែនកាន់សាសនាឥស្លាមទៅធ្វើការនៅប្រទេសកាន់សាសនាឥស្លាមទាំងនោះ នឹងជួបផលលំបាក។
យ៉ាងណាក៏ដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីរំពឹងថា កម្ពុជានឹងទទួលបានការឆ្លើយតបជាវិជ្ជមាននៅក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការពីប្រទេសជាសមាជិកអង្គការ OIC ផងដែរ៕