(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសតែងតាំង លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ដែលជាមេដឹកនាំសាសនិកឥស្លាមមួយរូបនៅកម្ពុជា ឱ្យធ្វើជាបេសកជនពិសេស ដើម្បីទៅចូលរួមចរចាចូលជាសមាជិកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តិការឥស្លាម ហៅកាត់ថា OIC។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីពិសាអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយខ្មែរ-ឥស្លាម ជិត៥ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅកាន់អគ្គលេខាធិការ OIC ក៏ដូចជាសមាជិក OIC ដទៃទៀតថា កម្ពុជាពិតជាមានបំណងប្រែក្លាយខ្លួនជាសមាជិកសង្កេតការណ៍ នៃអង្គការអន្ដរជាតិដ៏ធំមួយនេះផងដែរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសជូននៅទីនេះថា ខ្ញុំតែងតាំងឯកឧត្តម ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ធ្វើជាបេសកជនពិសេស នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅកាន់ទៅរៀបចំដើម្បីដំណើរការចូលអង្គការនេះ។ ក្នុងប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានណែនាំឲ្យ ធ្វើលិខិតរបស់ខ្ញុំ ទៅកាន់ប្រទេសមួយ ហើយនឹងបញ្ជូនឯកឧត្តម អូស្មាន ហាស្សាន់ ជាបេសកជនពិសេសរបស់ខ្ញុំទៅកាន់ប្រទេសនោះ ដើម្បីសុំធ្វើការគាំទ្រពីប្រទេសនោះ ដើម្បីឲ្យកម្ពុជាក្លាយទៅជាសមាជិកសង្កេតការណ៍ នៃអង្គការ OIC»

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាចង់មានទំនាក់ជាមួយបណ្ដាប្រទេសដែលជាសមាជិក OIC ដែលនឹងអាចជួយរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយកម្ពុជា ហើយកម្ពុជាចង់បានឲ្យប្រទេសទាំងអស់នោះ ចូលរួមជួយកម្ពុជាទៅដល់ការបណ្ដុះបណ្ដាល ធនធានមនុស្សតាមរយៈការផ្ដល់អាហារូបករណ៍ សម្រាប់ការបណ្ដុះបណ្ដាលនិស្សិតដែលជាសាសនិកឥស្លាម។

ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់ អគ្គលេខាធិការអង្គការ OIC ចំពោះការស្វាគមន៍ឲ្យកម្ពុជា បានជាបេសកជនពិសេសរបស់អង្គការ OIC ដែលមានសមាជិក៥៧ប្រទេស មានប្រជាជនជាង១ភាគ៥ នៃប្រជាជននៅក្នុងសកលលោកទាំងមូល។

លោកស្រី ណូរីយ៉ា អាល់ ហាម៉ានី អគ្គនាយកទទួលបន្ទុកកិច្ចការនយោបាយអន្ដរជាតិ ដែលបានចូលរួមកម្មវិធីស្រាយបួស តំណាងលោក យូសេហ្វ អាល់ អូថៃមីន អគ្គលេខាធិការ អង្គការសហប្រតិបត្តិការឥស្លាម OIC បានលើកឡើងថា ក្នុងរយៈពេល៥០ឆ្នាំ ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៦៩ អង្គការអូអាយស៊ី (OIC) បានដើរតួនាទីយ៉ាងសកម្មនៅក្នុងកិច្ចការពិភពលោក។

លោកស្រីបន្ថែមថា ក្នុងនាមជាអង្គការអន្តររដ្ឋាភិបាលធំបំផុតលំដាប់ទី២របស់ពិភពលោក OIC បានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងសហគមន៍អន្តរជាតិក៏ដូចជាការគោរពគ្នាទៅវិញទៅមក និងភាពសុខដុមរមនារវាងប្រជាជន នៃសង្គម និងវប្បធម៌ដែលមានខុសៗគ្នា ក្នុងគោលបំណងដើម្បីពង្រឹងសន្តិភាពពិភពលោក សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍន៍។

លើសពីនេះ ពួកគេនឹងទន្ទឹងរង់ចាំបន្តទំនាក់ទំនងដ៏ជិតស្និទ្ធ និងស្និទ្ធស្នាលបំផុតជាមួយ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពនាពេលអនាគត។ ជាមួយនេះដែរ លេខាធិការដ្ឋាន នៃអង្គការសហប្រតិបត្តិការឥស្លាម OIC និងបន្តការងារជាមួយ និងរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត ដើម្បីសម្របសម្រួលដល់ ការដាក់ពាក្យស្នើសុំជា សមាជិកសង្កេតការណ៍ នៅក្នុងអង្គការសហប្រតិបត្តិការឥស្លាម OIC និងសូមស្វាគមន៍ចំពោះ សំណើរឲ្យមានការតែងតាំងក្នុងឋានៈជាបេសកជនពិសេស នៃអង្គការសហប្រតិបត្តិការឥស្លាម OIC ផងដែរ៕