(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានស្នើតាមរយៈអគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) ជួយប្រាប់ដល់ប្រទេសសមាជិករបស់ខ្លួនទាំង៥៧ប្រទេស ដែលមានប្រជាជន១ភាគ៥នៃពិភពលោក ជួយទិញទំនិញអង្ករ និងទំនិញពីប្រទេសកម្ពុជា ក៏ដូចជាអាហារហាឡាល់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការជួយទិញអង្ករ និងទំនិញពីកម្ពុជា របស់ប្រទេសទាំងនោះថានឹងជួយទីផ្សារទំនិញរបស់កម្ពុជា ឲ្យមានការរីកចម្រើន ដែលអាចជួយដោះស្រាយបញ្ហាការងារ ជូនប្រជាពលរដ្ឋផងដែរ។
ការស្នើរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយខ្មែរ-ឥស្លាមសរុប៤,៧៥០នាក់ នៅកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងចង់ឲ្យប្រទេសទាំងនោះ [សមាជិកOIC] ទទួលទិញម្ហូបអាហារ ទិញទំនិញពីកម្ពុជា។ សូមលោកជំទាវតំណាងអគ្គលេខាធិការ អង្គការសហប្រតិបត្តិការឥស្លាម OIC ជួយជម្រាបជូនលោកអគ្គលេខាធិការ និងបណ្តាប្រទេសទាំងអស់នោះថា សូមជួយដល់កម្ពុជា ក្នុងនោះរួមចំណែកទិញទំនិញ ដែលផលិតនៅកម្ពុជា រាប់ទាំងហាឡាល់ហ្វូដ ដែលជាតម្រូវការនៃបងប្អូនសាសនិកឥស្លាមផងដែរ។ សូមជួយទិញអង្ករពីយើង ជួយទិញទំនិញពីយើង ដើម្បីឲ្យទីផ្សារនៃកម្ពុជា កាន់តែរីកចម្រើន ហើយក៏ជាផ្នែកមួយនៃការដោះស្រាយការងារ ធ្វើនៅក្នុងប្រទេសរបស់យើងផងដែរ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្តាប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការឥស្លាម OIC ទាំងអស់ឱ្យផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសសាសនិកឥស្លាម ខណៈដែលកម្ពុជា និងអង្គការនេះមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរជាមួយគ្នា។
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា កម្ពុជាចង់មានទំនាក់ទំនងជាមួយបណ្តាប្រទេសជាសមាជិក OIC ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាមួយកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាក៏ចង់បានប្រទេសទាំងអស់នេះ ជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូករណ៍ដល់និស្សិតខ្មែរ-ឥស្លាម ព្រមទាំងទទួលយកពលករខ្មែរផងដែរ៕
សូមជម្រាបថា សហប្រតិបត្តិការឥស្លាម (OIC) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានប្រទេសជាសមាជិកចំនួន៥៧ និងមានប្រជាជនជាង១,៨០០លាននាក់៕