(ភ្នំពេញ)៖ កម្ពុជា-អ៊ីតាលី បានសម្រេច និងឯកភាពបន្តរក្សាចំនួនទីភ្នាក់ងារចំនួន០៨ដដែល ស្របតាមកិច្ចព្រមព្រៀង ស្តីពីការកំណត់ចំនួនទីភ្នាក់ងារស្មុំកូនអន្តរប្រទេស ត្រូវបានអនុញ្ញាតឲ្យផ្តល់សេវានៅកម្ពុជា ដែលបានចុះហត្ថលេខា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ដោយ រដ្ឋមន្រ្តី វង សូត គឺនៅមានសុពលភាពដោយស្វ័យប្រវត្តិ សម្រាប់រយៈពេល៣ឆ្នាំទៀត។

ការសម្រេចនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ជួបជាមួយ លោក Gianni Bardini សមាជិកកណ្តាលនៃប្រទេសអ៊ីតាលី និងជាតំណាងក្រសួងកិច្ច ការបរទេស អ៊ីតាលី និងលោកស្រី Martina តំណាងស្ថានទូតប្រទេសអ៊ីតាលី នៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។

នៅក្នុងឱកាសនោះ លោក នឹម ជូត រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច បានថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមរបស់គណៈប្រតិភូអ៊ីតាលីតំណាងដោយលោក GIANNI BARDINI សមាជិកគណៈកម្មាធិការអាជ្ញាធរកណ្ដាលសុំកូនអន្តរប្រទេស នៃប្រទេសអ៊ីតាលី តំណាងឲ្យអាជ្ញាធរកណ្ដាលស្មុំកូនអន្តរប្រទេសនៃប្រទេសអ៊ីតាលី។

នៅក្នុងជំនួបនារសៀលនោះបន្ថែមពីការឯកភាពគ្នាលើការបន្តរក្សាទីភ្នាក់ងារចំនួន០៨ ឲ្យផ្តល់សេវាស្មុំកូនអន្តរប្រទេសនៅកម្ពុជា រយៈពេល៣ឆ្នាំបន្តទៀត ភាគីទាំងពីរបានឯកភាព និងសម្រេចលើចំណុចមួយចំនួនរួមមាន៖

១ ៖ ភាគីកម្ពុជា បានស្នើសុំចែកចំនួនទីភ្នាក់ងារទាំង០៨ ជា០២ក្រុម មួយក្រុមមានចំនួន០៤ទីភ្នាក់ងារ ដែលត្រូវបានបែងចែកដោយអាជ្ញាធរអន្តរប្រទេសនៃកម្ពុជា ត្រង់ចំណុចនេះភាគីអ៊ីតាលីបានយល់ព្រម។ ទីភ្នាក់ងារនីមួយៗមានសិទ្ធិ និងកាតព្វកិច្ចដូចគ្នា ក្នុងការទទួលខុសត្រូវ ចំពោះមុខច្បាប់ពាក់ព័ន្ធនឹងសុំកូនអន្តរប្រទេសរបស់ប្រទេសកម្ពុជា និងអ៊ីតាលី។

២៖ ភាគីទាំង២បានឯកភាព ក្រោយការចុះហត្ថលេខាលើកំណត់ហេតុនេះរួចរាល់ ភាគីទាំង២ នឹងរាយការណ៍ជូនអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសនៃប្រទែសកម្ពុជា និងអ៊ីតាលី មកពីលទ្ធផលនៃការពិភាក្សា និងចាប់ផ្តើមរៀបចំឯកសារពាក់ព័ន្ធ ជាពិសេសគោលការណ៍ណែនាំខ្លី សម្រាប់ណែនាំដល់ទីភ្នាក់ងារ ដែលត្រូវបានទទួលស្គាល់ ដើម្បីដំណើរការនីតិវិធីស្មុំកូនអន្តរប្រទេស ស្របតាមច្បាប់ស្មុំកូនអន្តរប្រទេសនៃប្រទេសកម្ពុជា។

៣៖ ទោះបីកិច្ចព្រមព្រៀង បន្តដោយស្វ័យប្រវត្តិ៣ឆ្នាំម្តងក៏ដោយ ក៏ភាគីទាំងពីរចាំបាច់កំណត់ពេលវេលា ទីកន្លែងដើម្បីជួបពិភាក្សាវាយតម្លៃលទ្ធផលបណ្តាឆ្នាំកន្លងមក នៃកិច្ចសហប្រតិបត្តិការ និងលើកទិសដៅសម្រាប់៣ឆ្នាំបន្តទៀត។

នៅក្នុងឱកាសនោះ លោក GIANNI BARDINI សមាជិកគណៈកម្មាធិការអាជ្ញាធរកណ្ដាល សុំកូនអន្តរ ប្រទេសនៃប្រទេសអ៊ីតាលី ក៏បានសម្តែងការអរគុណដល់ភាគីកម្ពុជា ដែលតែងតែចូលរួមសហការជាបន្តបន្ទាប់ជាមួយភាគីអ៊ីតាលី នៅក្នុងការផ្តល់សេវាស្មុំកូនអន្តរប្រទេសនៅកម្ពុជាកន្លងមក។

លោកបានបង្ហាញជំហរថា នឹងបន្តកិច្ចសហប្រតិការមួយនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នឹងសន្យាថា មិនឲ្យមានការស្មុំកូនអន្តរប្រទេស ដោយខុសច្បាប់នៅកម្ពុជាឡើយ៕