(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ក្នុងពិធីស្រាបបួសខែរ៉ាម៉ាឌន ឆ្នាំទី៦ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សាសនិកឥស្លាមនៅកម្ពុជា ប្ដេជ្ញាបន្ដបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថានិកសន្ដិភាព និងសិទ្ធិសេរីភាពកម្ពុជា។

ក្នុងពិធីនៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ ដែលធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ថា ការប្ដេជ្ញាចិត្តបន្ដបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន គឺជាការសម្ដែងនូវការដឹងគុណចំពោះសម្ដេច ដែលបាននាំមកនូវសុខសន្តិភាព និងសិទ្ធិសេរីភាព ដ៏ពេញលេញជូនជាតិ និងមាតុភូមិកម្ពុជា។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានថ្លែងយ៉ាងដូច្នេះថា «ជាការឆ្លើយតប គោរពដឹងគុណ តបស្នងទៅនឹងសម្តេចតេជោ ដែលជាស្ថាបនិកដែលបាននាំមកនូវ សុខសន្តិភាព និងសិទ្ធិសេរីភាពដ៏ពេញលេញ គឺបងប្អូនតែងបានឆ្លើយតបមកវិញ ដោយកាយវិការគាំទ្រដ៏ស្មោះ គឺការប្រើសិទ្ធិរបស់ខ្លួនគាំទ្រសម្តេចតេជោ ដែលជាក់ស្តែង យើងពិនិត្យឃើញថា នៅគ្រប់ទីកន្លែងដែលមានបងប្អូនឥស្លាមរស់នៅ គឺបងប្អូនបានទៅបោះឆ្នោត គាំទ្រជូនគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាប្រធានដែលកំពុងគ្រប់គ្រង់រាជរដ្ឋាភិបាលយ៉ាងច្រើនលើសលប់ ដែលស្របនិងក្រិតក្រមធម៌សាសនា ដែលបានឲ្យសាសនិកឥស្លាមដឹងគុណ ទៅចំពោះអ្នកដែលបានផ្តល់នូវគុណបំណាច់ បានសង្គ្រោះ បានជួយមកលើយើង ដែលមិនអាចបញ្ចប់ត្រឹមឆ្នាំមុន ឆ្នាំនេះ ឬឆ្នាំខាងមុខនោះឡើយ»

លោក អូស្មាន ហាស្សាន់ បានអះអាងថា ក្នុងចំណោមបងប្អូនដែលបានចូលរួមបោះឆ្នោតសកល អាណត្តិទី៦ កន្លងមកនៃចំនួនជាង៨៣% បានទៅបោះឆ្នោត ហើយដែលមានប្រជាជនគាំទ្រគណបក្សប្រជាជនកម្ពុជា ទូទាំងប្រទេសចំនួន៧៦.៧០% បើនិយាយដោយឡែក ហិបឆ្នោតដែលមានសុទ្ធតែបងប្អូនមុស្លីម ឃើញថាទូទាំងប្រទេស៨៤% ដោយឡែកខេត្តពោធិ៍សាត់៩៤% កណ្តាល៩២% ។ល។ ដែលនេះគ្រាន់តែគំនូសបង្ហាញឲ្យឃើញថា មុល្លិមកម្ពុជា គឺពិតជាពុំងាករេក្នុងការគាំទ្រដោយពេញទំហឹងចំពោះ សម្តេចតេជោនោះឡើយ ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ។

លោកទេសរដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា ឆន្ទៈឥស្លាម រួមទាំងក្តីគោរពស្រឡាញ់ គាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន មិនអាចមានសត្រូវណាមួយមករារាំង ហាមឃាត់ ទប់ស្កាត់បំបែកបំបាក់មិនគាំទ្រ សម្តេចតេជោបាននោះឡើយ ហើយទាំងអស់គ្នារស់នៅក្នុងចង្កោម នៃអ្នកសាមគ្គីភាពផ្ទៃក្នុង រួមនិងប្រជាជនកម្ពុជា ជាទូទៅ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាការពារសុខសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើនសម្រាប់ខ្លួនឯង សម្រាប់សហគមន៍ សម្រាប់សង្គមជាតិ យើងទាំងមូលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្ថែមថា សាសនិកឥស្លាម ពិតជាមានភព្វសំណាងណាស់ ដែលទទួលបាននូវសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំប្រទេសជាអ្នកកាន់សាសនាព្រះពុទ្ធដ៏មហិមា ឆ្លាតឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ដែលបានធ្វើឲ្យមានសុខដុមនីយកម្មគ្រប់ជាតិសាសន៍ សាសនា ដែលយើងទាំងអស់គ្នាប្ដេជ្ញានៅតែបន្តការគាំទ្រ សម្តេចតេជោបន្តទៅអាណត្តិក្រោយៗទៀត។

លោកបានគូសរំលេចថា លោក ក៏ដូចជាប្រជាជនកម្ពុជាទូទៅ តែងតែរំលឹកពីអតីតកាលដែលយើងធ្លាប់បានជួបប្រទះ ឆ្លងកាត់នៃសម័យកាលនីមួយៗ ជូនដល់កូនចៅជំនាន់ក្រោយៗ ឲ្យបានដឹងពីរឿងរ៉ាវពិតដែលកើតមានឡើង នៅលើទឹកដីកម្ពុជា ដែលធ្លាប់មានភ្លើងសង្គ្រាមឆាបឆេះ វិនាសកម្ម សោកនាដកម្ម ប្រទេសបែងចែកទឹកដី ត្រួតត្រានាពេលកន្លងទៅ និងបានប្រៀបធៀបពីសម័យកាលមួយ ទៅសម័យកាលមួយ ដើម្បីឲ្យមើលឃើញកាន់តែច្បាស់ថា សម័យកាល សម្តេចតេជោ គឺមានអ្វីៗពីការអភិវឌ្ឍរីកចម្រើន ក្នុងពេលដែលប្រទេសមានសុខសន្តិភាពច្រើនលើសលប់សម្រាប់ជាប្រយោជន៍ជូនជាតិ ប្រជាជនកម្ពុជា ឥស្លាមកម្ពុជា ហើយក៏នៅសម័យដូចគ្នានេះដែរ ដែលមានប្រទេសខ្លះក៏ធ្វើមិនបានដូចកម្ពុជាយើងផងដែរ៕