(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញក្តីរំពឹងនៅចំពោះមុខលោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា របាយការណ៍របស់លោកស្រី នឹងនិយាយពីស្ថានភាពពិតនៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្តីរំពឹងរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកជួបពិភាក្សាការងារជាមួយអ្នកជំនាញអង្គការសហប្រជាជាតិ នៅទីស្តីការក្រសួងការបរទេស។

លោក កេត សោផាន់ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ឧបនាយករដ្ឋមន្ត្រីរំពឹងថា នៅក្នុងរបាយការណ៍របស់លោកស្រីនៅពេលប៉ុន្មានខែខាងមុខនេះ នឹងផ្អែកទៅលើតថភាពពិត ការវិវឌ្ឍពិតនៅកម្ពុជា ដែលប្រជាធិបតេយ្យនៅកម្ពុជាផ្អែកទៅតាមភាពជាក់ស្តែងរបស់ខ្លួនជាប្រទេសនៅអាស៉ី ក៏ដូចជាប្រវត្តិជាក់ស្តែងរបស់ប្រទេសកម្ពុជា»

បើតាមអ្នកនាំពាក្យ គឺលោកស្រី រ៉ូណាស្មីត បានកោតសរសើរថា តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ កម្ពុជាពិតជាមានការវិវឌ្ឍល្អប្រសើរជាងមុន។ លោកស្រីក៏បានរំលឹកកម្ពុជាដែរថា ការលើកស្ទួយសិទ្ធិមនុស្ស គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល។

លោកស្រី រ៉ូណាស្មីត បានសម្តែងការកោតសរសើរ ហើយអះអាងទៀតថា បើប្រធៀបនឹងបណ្តាប្រទេសនៅអាស៉ី ប្រទេសកម្ពុជា បានផ្តល់សច្ចាប័ន ដល់សន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សច្រើនជាងគេបំផុត។ លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រសួងការបរទេស ដែលបានជួយសម្រួលដល់លោកស្រី ក្នុងការជួបជាមួយបណ្តាមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងសង្គមស៉ីវិល និងសមាជិកសហគមន៍ការទូត ដោយរលូនបំផុតផងដែរ។

សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ដើម្បីបំពេញទស្សនកិច្ច១១ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ បំពេញបេសកកម្មផ្លូវការជាទៀតទាត់មកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះបានតែងតាំងលោកស្រីនៅក្នុងខែមីនា ឆ្នាំ២០១៥។

កាលពីខែតុលា ឆ្នាំ២០១៨ លោកស្រី រ៉ូណា ស្មីត ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ១១ថ្ងៃផងដែរ ដោយក្នុងអំឡុងពេលទស្សនកិច្ចនោះ អ្នកជំនាញរូបនេះ បានជួបជាមួយមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងសង្គមស៉ីវិល និងសមាជិកសហគមន៍ការទូតមួយចំនួនផងដែរ។ លោកស្រីនឹងបង្ហាញរបាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងខែកញ្ញា ឆ្នាំ២០១៩៕