(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីការផ្តល់អាហារូបករណ៍នៅឧត្តមសិក្សា ដល់សិស្សមានពិការភាព សម្រាប់ឆ្នាំ២០១៩-២០២០នេះ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
បើតាមសេចក្ដីជូនដំណឹង បានឲ្យដឹងថា ក្រសួងអប់រំ សូមជូនដំណឹងដល់សាធារណជន និងសិស្សានុសិស្ស ដែលកំពុងសិក្សាថ្នាក់ទី១២ ទាំងអស់ឲ្យបានជ្រាបថា៖ ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ តែងតែផ្តល់អាហារូបករណ៍ដល់សិស្សទូទៅ សិស្សអាទិភាពនារី សិស្សអាទិភាពក្រីក្រ សិស្សអាទិភាពតំបន់ជួបការលំបាក និងសិស្ស ជាប់ចំណាត់ថ្នាក់ពូកែទូទាំងប្រទេស។
ក្រសួង បានបញ្ជាក់ថា «សម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ ក្រសួងបានលើកទឹកចិត្តដល់សិស្ស មានពិការភាព (ពិការអវៈយវៈ ពីការគ-ថ្លង់ ពិការភ្នែក..) ឲ្យទទួលបានអាហារូបករណ៍ចូលរៀន ថ្នាក់បវិញ្ញាបត្រ មិនបង់ថ្លៃសិក្សា ១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបានផ្តល់អាហារូបករណ៍ ដូចមានចែងក្នុងកូនសៀវភៅកម្រងព័ត៌មានអាហារូបករណ៍ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ មួយកន្លែងដោយស្វ័យប្រវត្តិ លើមុខជំនាញណា ដែលមិនទាមទារការប្រឡង»។
ក្រសួងអប់រំ បានបន្ថែមទៀតថា ដើម្បីទទួលបានអាហារូបករណ៍ បេក្ខជន ត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩។ បញ្ជាក់៖ បេក្ខជនមានពិការភាព (ពិការអវៈយវៈ ពិការគ-ថ្លង់ ពិការភ្នែក...) អាចទៅទទួលសំណុំពាក្យសុំពីវិទ្យាល័យ ដែលកំពុងសិក្សា និងត្រូវដាក់ពាក្យនៅតាមវិទ្យាល័យរបស់ខ្លួន យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ៖