(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាចខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ និងជាស្ថាប័ននាំមុខគេក្នុងការងារមនុស្សធម៌ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ជាពិសេសជួយសម្រាលទុក្ខលំបាក ដល់ចាសជរាឥតទីពឹង កុមារកំព្រា ជនពិការ អ្នកមានជំងឺរុំារៃ ស្ដ្រីមេម៉ាយ និងគ្រួសាររងគ្រោះដោយទឹកជំនន់ ខ្យល់កន្ដ្រាក់ គ្រោះអគ្គិភ័យ និងគ្រោះមហន្ដរាយផ្សេងៗទៀត ។
ក្រៅពីនោះ កាកបាទក្រហមកម្ពុជា ក៏បានយកចិត្ដទុកដាក់ខ្ពស់ លើការសាងសង់លំនៅឋាន ផ្ដល់អណ្ដូងទឹក បង្គន់អនាម័យ ការអប់រំសុខភាព បង្ការជំងឺឆ្លងនានា ការកសាងភាពធន់ក្នុងសហគមន៍ជាដើម។ លើសពីនោះ កាកបាទក្រហមកម្ពុជា ក៏បានបន្ដខិតខំប្រឹងប្រែង ក្នុងបុព្វហេតុមនុស្សធម៌ ឆ្ពោះទៅតាមទស្សនវិស័យ «ចូលរួមកាត់បន្ថយភាពក្រីក្រ» ជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្លើយតប ចំពោះគ្រោះមហន្ដរាយនានា ដែលបង្កដោយធម្មជាតិ និងមនុស្សផងដែរ ។
កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានណែនាំ តម្រង់ទិសការងារ នៃវិស័យស្នូលទាំងបួន តាមយុទ្ធសាស្ដ្រ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ស្របតាមគោលនយោបាយជាតិ ឱ្យប្រតិបត្ដិការទៅដោយរលូន និងមានប្រសិទ្ធភាព ។
ដើម្បីស្វែងយល់ច្បាស់ ពីបេសកកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា និងទិសដៅបន្ដបន្ទាប់ សូមស្ដាប់នូវកិច្ចសម្ភាសន៍ ស្ដីពី «កិច្ចប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុមនុស្សធម៌» ដែលបកស្រាយលម្អិត ដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា ដូចតទៅ៖