(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានដាក់គ្រឿងចាក់កាយទីលានចាក់បេតុង រំលោភលើឆ្នេរខ្សាច់របស់ក្រុមហ៊ុនចិន នៅចំណុចឆ្នេរអូរត្រេះ២ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ដឹកនាំដោយលោក លី ចិត្តនិយម ប្រធានការិយាល័យអភិវឌ្ឍន៍ខេត្តព្រះសីហនុ។
លោក លី ចិត្តនិយម បាននិយាយថា ក្រុមហ៊ុនចិន New Sea International Hotel បានចាក់លួចចាក់បេតុងនៅលើឆ្នេរខ្សាច់ នៅចំណុចឆ្នេរអូរត្រេះ២ ភូមិ៦ ក្រុងព្រះសីហនុ។ កន្លងមក ក្រុមការងារបានចុះហាមឃាត់ដែរ តែពួកគេមិនស្តាប់។ លោកបន្ថែមថា រដ្ឋគាំទ្ររាល់ការវិនិយោគត្រឹមត្រូវ តែបើសិនជាធ្វើឲ្យប៉ះពាល់ឆ្នេរខ្សាច់បែបនេះ ត្រូវតែមានវិធានការដើម្បីចៀសវាងផលប៉ះពាល់។
លោក លី ចិត្តនិយម បានបញ្ជាក់ថា ចំពោះមុខនេះ ត្រូវតែកាយចេញវិញឲ្យស្អាតដូចដើមវិញ។ អ្នកដែលចាក់បេតុងលើឆ្នេរខាងលើ ត្រូវតែសហការជាមួយក្រុមការងារ
បើមិនដូច្នេះទេនឹងមានវិធានការផ្លូវច្បាប់។
ក្រុមហ៊ុន New Sea International Hotel របស់ថៅកែចិន បានសង់នៅទល់មុខឆ្នេរអូរត្រេះ២ ក្រុងព្រះសីហនុ គ្រោងបើកដំណើរការនៅក្នុងពេលឆាប់ៗ ខាងមុខនេះ។
ទីតាំងឆ្នេរខ្សាច់ដែលចាក់បេតុងនេះ ទំនងជាទុកសម្រាប់ទុកជាចំណតរថយន្តរបស់សណ្ឋាគារ។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកក្នុងកិច្ចការអភិវឌ្ឍឆ្នេរ មិនទាន់បានបង្ហាញយ៉ាងណានៅឡើយជុំវិញអំពើការរំលោភឆ្នេរនេះ។
ទោះយ៉ាងណា មហាជនចង់ឃើញអាជ្ញាធរ និងជំនាញពាក់ពន្ធ័អនុវត្តច្បាប់ឲ្យបានតឹងរឹង ដើម្បីកុំឲ្យមានការរំលោភបំពានឆ្នេរខ្សាច់ ដ៏ស្រស់ស្អាតនេះជាបន្តទៀត។
គួរបញ្ជាក់ថា ឆ្នេរអូរនេះ មានខ្សាច់សក្បុសនិងទឹកថ្លាយង់។ ឆ្នេរនេះត្រូវបានចាត់ទុកថា ជាឆ្នេរគំរូ ហើយបច្ចុប្បន្នកំពុងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យកាន់តែទាក់ទាញបន្ថែមទៀត៕