(ព្រះវិហារ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងមានការចូលរួមពីយុវជនកាកបាទក្រហម ស្រុកជាំក្សាន្ត ចុះត្រួតពិនិត្យគុណភាព ទំនិញវេចខ្ចប់ស្រេច នៅផ្សារជាំក្សាន្ត ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញផលិតផលខូចគុណភាពចំនួន៥មុខ យកទៅដុតកម្ទេចចោល។
លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារ បានរកឃើញទំនិញហួសកាលបរិច្ឆេទ ចំនួន៥មុខរួមមាន៖
ទី១៖ ទឹកក្រូចចម្រុះ ចំនួន១១ដប និង២៤កំប៉ុង ស្មើនឹង១៨,១៨៥លីត្រ
ទី២៖ ទឹកផ្លែឈីចម្រុះ ចំនួន៤២ដប និង២៤កំប៉ុង ស្មើនឹង២០,៧៦៩លីត្រ
ទី៣៖ នំចម្រុះ ចំនួន៨៩ញ្ចប់ និង០១បាវ ស្មើនឹង៣០.៦០គីឡូក្រាម
ទី៤៖ ចាហួយកែវ ចំនួន៣០កែវ ស្មើនឹង៣.៧៥គីឡូក្រាម
ទី៥៖ ដំណាប់ដូង ចំនួន២៣កញ្ចប់ ស្មើនឹង១៩.៦០គីឡូក្រាម។ ក្រុមការងារបានធ្វើកំណត់ហេតុដកហូត ទុកដុតកំទេចចោល។
លោក ដួង មុនី ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឲ្យបានហ្មត់ចត់មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារ ទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕