(កំពង់ចាម)៖ ដោយសារតែមានចិត្តខ្វល់ខ្វាយ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ, អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានថ្លែងលើកទឹកចិត្តឲ្យមន្ត្រីអាជ្ញាធរស្រុកក្រុងឃុំសង្កាត់ ត្រូវចេះលើកគម្រោងណា ដែលជាអទិភាព និងជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
អភិបាលខេត្តបានថ្លែងដូច្នេះនាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម នៅក្នុងពេលបើកវេទិកាពិគ្រោះយោបល់ ជាមួយសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
អភិបាលខេត្ត បានថ្លែងបន្តថា ទាក់ទងទៅនឹងការអភិវឌ្ឍក្នុងខេត្តពិតណាស់ ការស្នើសុំមានច្រើន ប៉ុន្តែដោយហេតុថា ថវិការបស់ខេត្តនៅមានកម្រិត ដូច្នេះសូមឲ្យអាជ្ញាធរមូលដ្ឋាន ក្រុងស្រុក ឃុំ-សង្កាត់ ត្រូវចេះពិនិត្យមើលគម្រោងណា ដែលជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋយើង ដែលគម្រោងជាអាទិភាពនោះ គឺសំដៅទៅលើស្ត្រី កុមារ ផ្លូវដឹកជញ្ជូន ឬការធ្វើដំណើររបស់ប្រជាពលរដ្ឋជាដើម ដែលទាំងអស់នេះ គឺជាអ្វីដែលយើងត្រូវប្រមូលផ្ដុំ រួមគ្នាដើម្បីធ្វើការដោះស្រាយ។
បើតាមលោកអភិបាលខេត្ត ក្នុងឆ្នាំកន្លងទៅ ក្រោយពីបានចូលរួមធ្វើការដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលដ្ឋានឃុំ-សង្កាត់ លោកបានសង្កេតឃើញថា អាជ្ញាធរមូលដ្ឋាន បានលើកគម្រោងទៅក្នុងតំបន់ ដែលជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋរួចហើយ ក៏ប៉ុន្តែយ៉ាងនេះក្តីនៅតែមានសំណូមពរ ជាបន្តបន្ទាប់ដែលយើងមិនទាន់បានដោះស្រាយ ដោយសារតែថវិការបស់យើង នៅមានកម្រិត ពោលគឺអាជ្ញាធរមូលដ្ឋានពិត ជាចង់ធ្វើការអភិវឌ្ឍន៍ទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋរបស់យើង ប៉ុន្តែអ្វីដែលសំខាន់នោះការខ្វះខាតផ្នែកថវិកានេះតែម្ដង។
លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ក្នុងខេត្តកំពង់ចាម មានតំបន់មួយចំនួននៅរដូវវស្សា យើងអាចធ្វើដំ ណើរទៅកាន់តំបន់នោះបាន ដោយប្រើទូក ដូចជា នៅបារាយណ៍ ក្នុងស្រុកស្រីសន្ធរជាដើម ចំណែកនៅរដូវប្រាំង បងប្អូននៅទីនោះក៏ជួបប្រទះនូវផ្លូវដីហុយថែមទៀត ដែលចំណុចនេះគឺជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះពួកគាត់ ។
ម្យ៉ាងទៀតនៅតំបន់នោះ នៅពេលថ្ងៃពួកគាត់អាចធ្វើដំណើរដោយទូកចម្លងបាន ប៉ុន្តែនៅពេលយប់ ប្រសិនបើមានក្រុមគ្រួសារណាជួបប្រទះនូវជម្ងឺផ្សេងៗ ហើយតម្រូវដឹកយកមកសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកខេត្ត ពួកគាត់ពិតជាជួបប្រទះនូវការលំបាកខ្លាំង អាចនិយាយបានថា ទំរាំតែរកមធ្យោបាយមកដល់មន្ទីរពេទ្យ អ្នក ជំងឺអាចនឹងស្លាប់តាមផ្លូវក៏ថាបាន ដូច្នេះតំបន់អស់នោះដែលជាចំណុចយើងត្រូវរួមគ្នាដោះស្រាយជាអាទិភាព។ ប៉ុន្តែយ៉ាងណាក៏ដោយ ចំណុចជាអាទិភាពមួយចំនួន ត្រូវបានដោះស្រាយ ដោយឡែក នៅមួយចំនួនទៀត យើងត្រូវដោះស្រាយជាបន្តបន្ទាប់ ដែលអាស្រ័យទៅលើថវិកាផងដែរ។
លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់ដៃគូអភិវឌ្ឍន៍នានា ដែលជាអង្គការមិនមែនរដ្ឋាភិបាល ដែលបានខិតខំរួមគ្នាដោះស្រាយនូវបញ្ហាលំបាករបស់ប្រជាពលរដ្ឋមួយចំនួន កន្លងមក ដូចជានៅក្នុងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងកិច្ចការសង្គមជាច្រើនទៀតផងដែរ៕