Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត សុខ ទូច ប្រកាសចូលខ្លួនឆ្លើយបំភ្លឺ ទៅនឹងបណ្តឹងរបស់គណបក្សខ្មែរក្រោក នៅថ្ងៃទី១០ ខែឧសភា (Video inside)

07-05-2019 16:09

(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រកាសចូលឆ្លើយបំភ្លឺនៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ តាមបណ្តឹងរបស់ គណបក្សខ្មែរក្រោក។

លោក សុខ ទូច បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា៖ «វាជារឿងចម្លែកក្នុងជិវិតរបស់ខ្ញុំ ព្រោះមិនធ្លាប់ត្រូវបានតុលាការកោះហៅទេ តែពេលនេះ ត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកោះហៅតាមរយ:ដីកាកោះហៅចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ឱ្យចូលខ្លួននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០ នាទីព្រឹក តាមបណ្តឹងរបស់គណបក្សខ្មែរក្រោកចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។ ទោះបីខ្ញុំមមាញឹករកពេលសម្រាកមិនបានក្នុងការបំពេញការងាររាជការ ក៏ខ្ញុំនឹងចូលខ្លួនតាមការកោះហៅនេះ»

កាលពីឆ្នាំ២០១៨ លោក សុខ សុវណ្ណវឌ្ឍនា សារពង្ស ប្រធាន គណបក្ស ខ្មែរ ក្រោក បានប្រកាសប្តឹង លោក សុខ ទូច ដោយចោទថាបានធ្វើ អត្ថាធិប្បាយ ញុះញង់ ឲ្យ រាជរដ្ឋាភិបាល ចាប់ លោក ដាក់គុក ក្នុង សកម្មភាព ប្រមូល ស្នាម មេដៃ តវ៉ា យក កោះត្រល់ ដែល បាន បាត់បង់ ទៅ ឲ្យ វៀតណាម ។

លោក សុខ ទូច បានអះអាងថា រឿងកោះត្រល់នេះវាជារឿងច្បាប់ បើគណបក្សលោកសារពង្ស ស្នេហាជាតិមែន គួរតែដាក់ចេញជាគោលនយោបាយឃោសនាតាំងពីមុនបោះឆ្នោតម្ល៉េះ។ ទោះជាយ៉ាងណា លោកមិនព្រួយបារម្ភទេ សម្រាប់ការប្តឹងពីគណបក្សខ្មែរក្រោកនេះ ហើយលោកអះអាងថា លោកនឹងមានចំណាត់ការតវ៉ាផ្លូវច្បាប់ផងដែរ ដើម្បីតបទៅនឹងការបង្ខូចកិត្តិយសរបស់លោក៕