(ក្រចេះ)៖ លោក ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា រួមនឹងប្រធានកិត្តិយស ប្រធានអនុសាខាស្រុកឆ្លូង មន្រ្តីអនុសាខាស្រុក នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ ចំនួន១០៥គ្រួសារ ក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ធុន គ្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាព ជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្ភ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ច្រកល្ហក ជាពិសេសបងប្អូនដែលកំពុងទទួលរងគ្រោះ ដោយគ្រោះធម្មជាតិ ត្រូវខាតបងនូវទ្រព្យសម្បត្តិ ផលដំណាំ របស់បងប្អូន។
លោកបន្តទៀតថា ដូច្នេះដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិនេះ បងប្អូនត្រូវយកចិត្តទុកដាក់សំខាន់ លើការថែទាំសុខភាព ដោយផ្អែកលើអនាម័យបរិស្ថានល្អ ហើយបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរៀបចំអនាម័យ ក្នុងការរស់នៅឲ្យបានស្អាត តាមរយៈហូបស្អាត ផឹកស្អាត ចៀសវាងកើតមានជំងឺផ្សេងៗ និងត្រូវមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិគ្រប់ប្រភេទ។
លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កបង្កើនផល និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារឲ្យកាន់តែប្រសើរឡើងថែមទៀត។ ហើយអំណោយដែលបានចែកជូន គ្រួសាររងគ្រោះ ដោយសារខ្យល់កន្រ្ទាក់នោះ សម្រាប់គ្រួសាររងគ្រោះធ្ងន់២៧គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេះ, ត្រីខ១០កំប៉ុង, តង់១ ថវិកា៤០,០០០រៀល។ សម្រាប់គ្រួសាររងគ្រោះ មធ្យម១៩គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេះ, ត្រីខ១០កំប៉ុង ថវិកា៣០,០០០រៀល និងគ្រួសាររងគ្រោះស្រាល ចំនួន៥៩គ្រួសារ ក្នុង១គ្រួសារ ទទួលបានមី១កេះ, ត្រីខ១០កំប៉ុង ថវិកា២០,០០០រៀល។
ក្នុងនោះដែរ លោក ឆាន់ សាផាន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមងារគណបក្យប្រជាជន ចុះជួយស្រុកឆ្លូង បានឧបត្ថមថវិកាបន្ថែម សម្រាប់គ្រួសាររងគ្រោះធ្ងន់ ក្នុងមួយគ្រួសារ នូវថវិកា៧០,០០០ រៀល សម្រាប់គ្រួសាររងគ្រោះមធ្យម ក្នុងមួយគ្រួសារនូវថវិកា៥០,០០០រៀល និងសម្រាប់គ្រួសាររងគ្រោះស្រាល ក្នុងមួយគ្រួសារនូវថវិកា២០,០០០រៀលផងដែរ៕