(ភ្នំពេញ)៖ សមាជិក និងជាអ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា លោក អ៊ឹម វុត្ថា បានបញ្ជាក់ថា មានប្រតិបត្តិករទូរគមនាគមន៍ចំនួន៣ រួមមានក្រុមហ៊ុន Smart, Cellcard និង Metfone ចង់ដំណើរការសាកល្បងប្រព័ន្ធបច្ចេកវិទ្យា 5G ក្នុងឆមាសទី២ ឆ្នាំ២០១៩ សម្រាប់ទីតាំងរាជធានីភ្នំពេញ ដើម្បីធ្វើតេស្តនូវល្បឿនលឿនរបស់អ៊ីនធើណិតថ្មីនេះ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុង សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីកិច្ចប្រជុំ 5G និង Fintech ប្រចាំឆ្នាំ២០១៩ រៀបចំធ្វើ នៅរសៀលថ្ងៃទី ៦ខែឧសភា ឆ្នាំ២០១៩ នាទីស្តីការក្រសួងប្រៃសណី និងទូរគមនាគមន៍កម្ពុជា លោក អ៊ឹម វុត្ថា បានបញ្ជាក់ថា «យើង (និយ័តករទូរគមនាគមន៍កម្ពុជា) បានជួបប្រជុំជាមួយក្រុមហ៊ុនធំៗចំនួន៣ រួមមាន Smart, Cellcard និង Metfone ដើម្បីបង្ហាញពីការចង់សាកល្បងប្រព័ន្ធបច្ចេកវិទ្យា 5G សម្រាប់ទីតាំងរាជធានីភ្នំពេញ ក្នុងឆមាសទី២ ឆ្នាំ២០១៩នេះ»។
លោក អ៊ឹម វុត្ថា បញ្ជាក់ទៀតថា ដើម្បីអាចដាក់ដំណើរការសាកល្បងនូវប្រព័ន្ធ 5G នេះបានលុះត្រាតែក្រុមហ៊ុននោះមកស្នើសុំពី និយ័តករទូរគមនាគមន៍កម្ពុជាសិន។ ពេលនេះ មានក្រុមហ៊ុន Smart បានបង្ហាញឆន្ទះក្នុងការសាកល្បងប្រព័ន្ធ 5G ហើយក្រុមហ៊ុន Cellcard ក៏បានបង្ហាញបំណងចង់សាកល្បងប្រព័ន្ធ 5G នៅឆមាសទី២ ឆ្នាំនេះផងដែរ។ ដោយឡែកសម្រាប់ក្រុមហ៊ុន Metfone បានបញ្ជាក់ថា ខ្លួនបានត្រៀមរួចរាល់សម្រាប់ការងារនេះ ប៉ុន្តែមិនទាន់បង្ហាញពីពេលវេលានៃការស្នើសុំ។ ចំណែកឯក្រុមហ៊ុនតូចៗ ដទៃទៀតនៅស្ទាក់ស្ទើរនៅឡើយ។
លោកបានបន្តថា ប្រព័ន្ធបច្ចេកវិទ្យា 5G ដែលមានស្តង់ដារពេញលេញ ក្នុងឆ្នាំ២០២០ខាងមុខ ហើយក៏មានសារសំខាន់ជាខ្លាំងសម្រាប់សង្គមកម្ពុជា ដែលមានគម្រោងវិវន្តត៍ខ្លួនទៅជាសង្គមសដ្ឋកិច្ចឌីជីថល តែវាទាមទារជាចាំបាច់ឱ្យអ្នកប្រើប្រាស់ បណ្ដាក្រសួងទាំងអស់អភិវឌ្ឍខ្លួន ក្នុងការទាញយកផលប្រយោជន៍ អស់ពីលទ្ធភាពផងដែរ។
គួរបញ្ជាក់ថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ លោក Li Jinge អនុប្រធានក្រុមហ៊ុន HUAWEI ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ លោក Li Jinge បានអះអាងថា កម្ពុជា គឺជាប្រទេសដំបូងគេនៅអាស៊ាន ដែលបានចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍លើបច្ចេកវិទ្យា 5G។
លោក Li Jinge ក៏បានជម្រាបជូនសម្ដេចតេជោបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន HUAWEI បានចុះហត្ថលេខាជាមួយបណ្ដាប្រទេសប្រមាណជា៤០ប្រទេសហើយ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា 5G ។ លោកបន្តថា ប្រទេសកម្ពុជាជាប្រទេសទីមួយហើយនៅក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មី 5G។
នៅក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រុមហ៊ុនធ្វើការខិតខំប្រឹងប្រែងជាបន្តទៀត ក្នុងការសហការជាមួយក្រសួងស្ថាប័ន របស់កម្ពុជាអភិវឌ្ឍ លើវិស័យបច្ចេកវិទ្យានេះ ហើយសម្ដេចចង់ឲ្យក្រុមហ៊ុន HUAWEI ជួយកសាងសមត្ថភាព ជាពិសេសទៅវិស័យបច្ចេកវិទ្យា បង្កើនសេវាឱ្យមានល្បឿនលឿន៕