(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះ ដោយសារខ្យល់ កន្ត្រាក់រលំផ្ទះ របើកដំបូល កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ចំនួន ៥៣គ្រួសារ នៅភូមិត្រពាំងស្មាច់ ឃុំជ្រៃធំ ស្រុករមាសហែក។
ថ្លែងទៅកាន់ប្រជាពលរដ្ឋទាំង ៥៣គ្រួសារ នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទីណាមានទុក្ខលំបាកទីនោះពិតជាមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច។
នាយឧត្តមសេនីយ៍ សៅ សុខា បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះប្រើប្រាស់ទឹកដោយចេះសន្សំសំចៃ និងមានការប្រុងប្រយ័ត្នចំពោះបាតុភូតគ្រោះធម្មជាតិផ្សេងៗ ដែលកើតឡើងជាយថាហេតុ ហើយខណៈដែលមានភ្លៀងខ្យល់កន្ត្រាក់ ត្រូវរកកន្លែងដែលមានសុត្ថិភាព ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ដល់អាយុជីវិត និងទ្រព្យសម្បត្តិដូចជាផ្ទះសម្បែងជាដើម។ មួយវិញទៀត រដូវវស្សា និងជិតមកដល់នាពេលខាងមុខ សូមប្រជាពលរដ្ឋត្រូវត្រៀមឧបករណ៍ សម្រាប់ធ្វើស្រែចម្កា ឲ្យបានគ្រប់គ្រាន់ ដើម្បីលើកស្ទួយជីវភាពបានមួយកម្រិត ជាពិសេសត្រូវដាំបន្លែរួមផ្សំបន្ថែមទៀតផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានជំរុញដល់កងកម្លាំងទាំងអស់ នៅស្រុករមាសហែក ត្រូវខិតខំការការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត និងអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច ឲ្យទទួលបានជោគជ័យ និងធានាបានគ្មានអំពើលួច ឆក់ប្លន់ ជួញដូរមនុស្សខុសច្បាប់គ្រឿងញៀន នៅមូលដ្ឋានជាដាច់ខាត។
នៅក្នុងឱកាសនោះ ក្រៅពីអំណោយរបស់សាខាកាកបាទក្រហមខេត្តស្វាយរៀង នាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភដល់គ្រួសាររងគ្រោះបន្ថែម ក្នុងមួយគ្រួសារ២០ម៉ឺនរៀល និងឧបត្ថម្ភថវិកាមួយចំនួន ដល់កងកម្លាំងទាំងបីប្រភេទ រួមជាមួយប្រជាការពារភូមិ ដែលបានជួយជុសជុលផ្ទះ ដល់ពលរដ្ឋដែលរងគ្រោះផងដែរ៕