(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះចែកជូនដល់ប្រជាពលរដ្ឋជាង ៨០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ទ្រាក់ បណ្តាលឱ្យប៉ើងដំបូល និងរលំផ្ទះ ក៏ដូចជាវត្តអារាម និងបានបំផ្លាញផលដំណាំនានា ត្រូវបាក់ និងរំលើងឬសខ្ទេចខ្ទី ព្រមទាំងបណ្តាលឲ្យរងរបួសដល់មនុស្សចំនួន ៣នាក់ផងដែរ។
លោក សុខ លូ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលអំណោយទាំងអស់ ដោយក្តីអាណិតអាសូរបំផុត ដែលជានិច្ចជាកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែចូលរួមរំលែកការលំបាកជាមួយប្រជាពលរដ្ឋ នៅពេលជួបគ្រោះថ្នាក់ផ្សេងៗ គ្រប់កាលៈទេសៈ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយដោយអាជ្ញាធរមិនបានដឹងលឺ និងបានជួយដោះស្រាយនោះឡើយ។
លោក សុខ លូ បានបន្តថា ឆ្លើយតបទៅនឹងពាក្យស្លោករបស់កាកបាទក្រហមកម្ពុជា «ទីណាមានទុក្ខ ទីនោះមានកាកបាទក្រហមកម្ពុជា សម្រាប់គ្រប់ៗគ្នាស្មើៗគ្នា ដោយមិនរើសអើងនោះឡើយ» ដោយឡែក គ្រួសាររងគ្រោះដទៃទៀត សាខាកាកបាទក្រហមខេត្ត នឹងចុះចែកជាបន្តបន្ទាប់ឱ្យបានដល់ដៃគ្រប់ៗគ្នា ផងដែរ ថ្វីត្បិតតែអំណោយទាំងអស់នេះវាតិចតួច មិនគ្រប់គ្រាន់ក៏ពិតមែន តែវាជួយសម្រួលតាមតម្រូវការចាំបាច់របស់បងប្អូនបានមួយគ្រាដែរ។
ជាមួយគ្នានោះលោកក៏បានផ្តាំផ្ញើរ ដល់បងប្អូនពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុត ពិសេសថែរក្សាសុខភាព ដោយផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូលរួមគោរពច្បាប់ចរាចរណ៍និងចៀសឆ្ងាយពីគ្រឿងញៀន។
សូមបញ្ជាក់ថា អំណោយដែលចែកជូនពលរដ្ឋរងគ្រោះនាពេលមាន ក្នុង១គ្រួសារៗ រួមមាន អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, និងឃីត១កញ្ចប់ និងថែមសម្រាប់រលំផ្ទះមានកន្ទេល១ តង់១ និងឆ្នាំង២៕