(កំពត)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦ មក (២០១៦-២០១៨) បញ្ហាជាកង្វល់របស់ប្រជាពលរដ្ឋ ជាង១,២០០បញ្ហា ត្រូវបានក្រុមការងាររួមគ្នាដោះស្រាយបាន ជាបន្តបន្ទាប់គឺនៅសល់បញ្ហាតិចតួចបំផុត ដូចជានៅឆ្នាំ២០១៨ ក្នុងបញ្ហា ចំនួន២៧៩ យើងដោះស្រាយបាន ១៨០ កំពុងដោះស្រាយចំនួន៩៦ និងមិនទាន់ដោះស្រាយតែ ០៣ បញ្ហាប៉ុណ្ណោះ។

ការថ្លែងបែបនេះរបស់លោកទេសរដ្ឋមន្ត្រី គឺក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ០២ខែ របស់ក្រុមការងារថ្នាក់ជាតិ ខេត្ត ចុះមូលដ្ឋាន ដើម្បីគាំទ្រគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅខេត្តកំពត នាថ្ងៃច័ន្ទ ០៣កើត ខែពិសាខ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៩ នេះ។

ក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានពាំនាំនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងថ្លែងការកោតសរសើរចំពោះសមិទ្ធផល សម្រេចបានគួរជាទីមោទនៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត ដែលបានបំពេញការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋកាន់តែ មានទំនុកចិត្ត និងភាពកក់ក្តៅនៃការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលការពារបាននូវសុខសន្តិភាព ការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចខ្ពស់។

លោកកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងពីសារៈសំខាន់ នៃការចុះធ្វើវេទិការសាធារណៈ ដែលធ្វើឲ្យមានភាពកាន់តែជិតស្និទ្ធជាមួយប្រជាពលរដ្ឋ និងក្តាប់បានច្បាស់លាស់ពីសេវាតម្រូវការ និងសេវាសំណូមពរ។ ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០១៦ មក (២០១៦-២០១៨) បញ្ហាជាកង្វល់របស់ប្រជាពលរដ្ឋ ជាង១,២០០ បញ្ហា ត្រូវបានក្រុមការងាររួមគ្នាដោះស្រាយ បានជាបន្តបន្ទាប់ គឺនៅសល់បញ្ហាតិចតួចបំផុត ដូចជានៅឆ្នាំ២០១៨ ក្នុងបញ្ហា ចំនួន២៧៩ យើងដោះស្រាយបាន ១៨០ កំពុងដោះស្រាយចំនួន៩៦ និងមិនទាន់ដោះស្រាយតែ ០៣ បញ្ហាប៉ុណ្ណោះ។ ដើម្បីជម្រុញប្រសិទ្ធិភាពបន្ថែម លោកកិត្តិសេដ្ឋាបណ្ឌិត បានស្នើឲ្យក្រុមការងារ បន្តការចុះធ្វើវេទិការសាធារណៈ ជាក្រុមការងារតូចៗដូចភ្លៀងរលឹម ហើយប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ដូចជា Telegram ឬ WhatsApp ជាដើម ជាមធ្យោបាយទំនាក់ទំនង និងដោះស្រាយបញ្ហា។

ក្នុងនោះរបបរាយការណ៍ គឺត្រូវកំណត់ជាតារាងបញ្ហា ដាច់ដោយឡែកពីគ្នា តើបញ្ហាអ្វីខ្លះ ដែលត្រូវដោះស្រាយ ហើយត្រូវដោះស្រាយនៅត្រឹមកម្រិតណា? ដែលរួមមាន ៥កម្រិត៖ កម្រិតភូមិ ឃុំ សង្កាត់ កម្រិតក្រុង ស្រុក អង្គភាពមន្ទីរជំនាញខេត្ត កម្រិតគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត កម្រិតក្រសួង ស្ថាប័ន ឬចង្កោមក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងកម្រិតក្រសួងមហាផ្ទៃរឺប្រមុខរាជរដ្ឋាភិបាល។ ជាពិសេស ការចុះធ្វើវេទិការសាធារណៈ គឺយើងផ្តោតជាសំខាន់លើការផ្សព្វផ្សាយគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល រួមជាមួយប្រសាសន៍ថ្មីៗ ដែលណែនាំដោយប្រមុខរាជរដ្ឋាភិបាល។

ក្នុងការថ្លែងស្វាគមន៍ និងសេចក្តីរាយការណ៍ ពីសំណាក់លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពតដែលតែងណែនាំ ចង្អុលបង្ហាញ ដឹកនាំ និងការឧបត្ថម្ភនានា ជាមូលដ្ឋានធ្វើឲ្យក្រុមការងារ គ្រប់លំដាប់ថ្នាក់អនុវត្តការងារស្នូលរបស់ខ្លួន សម្រេចបានជោគជ័យគួរជាទីមោទនៈ។

អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងរយៈពេល០២ខែ មីនា មេសា នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត បានចុះជួបសំណេះសំណាល និងធ្វើវេទិការសាធារណៈ សរុបចំនួន ៥៨លើក ស្មើនិង ៤០ ឃុំ សង្កាត់ ប្រមូលបានសំណូមពរចំនួន ១៧២ករណី (រឿងថ្មី ១៣២ ករណី ចាស់ ៤០ ករណី)។ ក្នុងនោះ បានដោះស្រាយ១៣៧ ករណី កំពុងដោះស្រាយបានចំនួន ២១ ករណី និងមិនទាន់ដោះស្រាយចំនួន ១៤ ករណី៕