(ភ្នំពេញ)៖ ទីភ្នាក់ងាររបស់ប្រទេសកូរ៉េ កយកា ប្រចាំកម្ពុជានៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីតម្រង់ទិសដល់មន្រ្តីរដ្ឋាភិបាលកម្ពុជាចំនួន ១២រូប មកពីអគ្គរាជអាជ្ញា នៃតុលាការកំពូល សម្រាប់វគ្គបណ្តុះបណ្តាលស្តីអំពី «ការកសាងសមត្ថភាពលើការទប់ស្កាត់បទល្មើស និងយុត្តិធម៌បទល្មើសអាស៊ាន»។ វគ្គសិក្សានេះ នឹងចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ដែលមានចំនួន១៤ថ្ងៃ នៅវិទ្យាស្ថានយុត្តិធម៌ (Yongin) នៅសាធារណរដ្ឋកូរ៉េ។
កម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ ត្រូវបានរៀបចំឡើងដើម្បីសម្រួលដល់មន្ត្រីកម្ពុជា សម្របខ្លួនចូលទៅក្នុងវប្បធម៌កូរ៉េ ខណៈពេលសិក្សានៅក្នុងសាធារណរដ្ឋកូរ៉េ។ ក្នុងកម្មវិធីតម្រង់ទិសនេះ មន្ដ្រីទីភ្នាក់ងារកយកាប្រចាំកម្ពុជា បានធ្វើបទបង្ហាញអំពីព័ត៌មានសំខាន់ នៅក្នុងប្រទេសកូរ៉េ សមាគមអតីតនិស្សិតកម្ពុជាកូរ៉េ (CAMKAA) ក្រមសីលធម៌ នៃកម្មវិធីបណ្តុះបណ្តាល និងព័ត៌មានអំពីជំងឺកញ្រិល។
តាមរយៈ អនុប្រធានតំណាងទីភ្នាក់ងារកយកាប្រចាំកម្ពុជា លោក Kang Hwang Wook បានបញ្ជាក់ថា ទីភ្នាក់ងារកយកាផ្តល់វគ្គបណ្ដុះបណ្ដាល ការកសាងសមត្ថភាពលើការទប់ស្កាត់បទល្មើស និងយុត្តិធម៌បទល្មើសអាស៊ាន ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពប្រព័ន្ធយុត្តិធម៌បទល្មើស ដើម្បីទប់ស្កាត់បទល្មើស។
គោលបំណង នៃវគ្គសិក្សា នឹងបណ្ដុះបណ្ដាលសិក្ខាកាមនូវកម្មវិធីចំណេះដឹង ជាច្រើនរួមមាន៖ ទី១៖ ការយល់ដឹងអំពីបទល្មើសតាមអ៊ីនធឺណិត និងគោលនយោបាយបទល្មើសព្រហ្មទណ្ឌ របស់ប្រទេសកូរ៉េ, ទី២៖ ការស្វែងរកដំណោះស្រាយ សមស្របដើម្បីដោះស្រាយបញ្ហា និងបង្កើតគោលនយោបាយ បទល្មើសព្រហ្មទណ្ឌដែលមានប្រសិទ្ធភាពខ្ពស់ ដោយផ្អែកលើប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ, ទី៣៖ ការបង្កើតផែនការអនុវត្តជាក់ស្តែងដើម្បីឆ្លើយតប នឹងស្ថានភាពមូលដ្ឋាន និងទី៤៖ ការចាត់វិធានការ សហការលើបទល្មើស អន្តរជាតិ។
លោក Kang Hwang Wook បានបន្ថែមថា សិក្ខាកាមចំនួន១២ រូប ដែលមកពីអគ្គរាជអាជ្ញា នៃតុលាការកំពូល នឹងសិក្សាជាមួយគំរូម៉ូឌុល ពិសេសចំនួន៤រួមមាន ទី១៖ ការយល់ដឹងពីប្រព័ន្ធយុត្តិធម៌កូរ៉េ, ទី២៖ ការការពារ កុំមានបទល្មើស, ទី៣៖ វិទ្យាសាស្រ្តកោសល្យវិច័យអំពីភស្តុតាងឌីជីថល និងបទល្មើស តាមអ៊ីនធឺណិត និងទី៤៖ របាយការណ៍ប្រចាំប្រទេស និងផែនការសកម្មភាព។
លោក Kang Hwang Wook បានស្វាគមន៍ និងអបអរសាទរ ដល់អ្នកចូលរួម ដែលទទួលបានវគ្គបណ្តុះបណ្តាលនេះ ហើយក៏បានស្នើដល់អ្នកចូលរួម ឲ្យប្រើប្រាស់ឱកាសដ៏ល្អនេះ ដើម្បីរៀនសូត្រពីការអភិវឌ្ឍរបស់ប្រទេសកូរ៉េ និងដើម្បីចែករំលែកបទពិសោធន៍ នៅក្នុងប្រទេសកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ជាចុងក្រោយបេក្ខជនដែលបានជ្រើសរើស បានបង្ហាញការថ្លែងអំណរគុណ ដល់ទីភ្នាក់ងារកយកា និងរដ្ឋាភិបាលកូរ៉េ ចំពោះការគាំទ្រវគ្គបណ្តុះបណ្តាល និងធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមលើកកម្ពស់ការកសាងសមត្ថភាពសម្រាប់ការយល់ដឹងទូលំទូលាយ នៃគម្រោងអភិវឌ្ឍន៍ ជាពិសេសក្នុងការទប់ស្កាត់ បទល្មើស និងយុត្តិធម៌បទល្មើស សម្រាប់អាស៊ាន (កម្ពុជា)៕