(ភ្នំពេញ)៖ មូលនិធិសហប្រជាជាតិដើម្បីកុមារនៅកម្ពុជា ហៅកាត់ថា អង្គការយូនីសេហ្វ បានប្រកាសប្រាប់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថា យូនីសេហ្វ នឹងជួយយ៉ាងពេញទំហឹងលើ ការរៀបចំបង្កើតច្បាប់ស្តីពី កិច្ចការពារកុមារ ដើម្បីជួយឲ្យកុមារកម្ពុជា កាន់តែមានភាពកក់ក្តៅ និងចៀសវាងការរំលោភបំពានដោយប្រកាសណាមួយ។
ការលើកឡើងរបស់លោកស្រី គ្រីស្ទៀនម៉ុនឌ័តេ (Cristian Munduate) នាយិកាប្រចាំប្រទេសនៃមូលនិធិសហប្រជាជាតិ ដើម្បីកុមារនៅកម្ពុជា (យូនីសេហ្វ) បានធ្វើឡើងនៅក្នុងជំនួបរវាងលោកស្រី និងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។
ជាការឆ្លើយតប លោក វង សូត បានថ្លែងអរគុណលោកស្រី គ្រីស្ទៀនម៉ុនឌ័តេ ដែលបានបង្ហាញ ឆន្ទៈខ្ពស់ជួយដល់កម្ពុជា ក្នុងការរៀបចំបង្កើតច្បាប់ស្តីពីកិច្ចការពារកុមារ។ លោក វង សូត បានលើកឡើងថា ចំពោះច្បាប់ស្តីពីកិច្ចការពារកុមារ ក្រសួងសង្គមកិច្ច និងដៃគូបានរៀបចំសហការគ្នាហើយ តែអាចជាភាពងាយស្រួលមួយកម្រិតទៀតដែល អង្គការយូនីសេហ្វ បានត្រៀមផ្តល់ការគាំពារ និងកិច្ចសហការ និងជាទីប្រឹក្សាលើបញ្ហាផ្សេងៗ និងជំនួយផ្នែកច្បាប់ ជួយដល់ការបង្កើតច្បាប់ស្តីពីកិច្ចការពារកុមារ នាពេលនេះ។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្ថែមឲ្យដឹងថា ច្បាប់ស្តីពីកិច្ចការពារកុមារ នឹងជួយដល់ការការពារសិទ្ធិកុមារ និងអាចទប់ស្កាត់ការរំលោភបំពានណាមួយមកលើកុមារបាន ដូចនេះហើយ ច្បាប់ស្តីពីកិច្ចការពារកុមារ គឺពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជួយការពារកុមារនៅកម្ពុជា។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់មួយចំនួនហើយរួមមាន ច្បាប់យុត្តិធម៌អនីតិជនកុមារ ដេលបានបង្កើតឡើងគឺមានវិសាលភាពធំទូលាយ ក្នុងការជួយ ទៅដល់កុមាររងគ្រោះនៅកម្ពុជា ច្បាប់មួយនេះក៏បានជួយការពារដល់កុមារនៅកម្ពុជាមិនតិចនោះដែរ។
ជាមួយគ្នានោះ លោកស្រី គ្រីស្ទៀនម៉ុនឌ័តេ ក៏បានឆ្លៀតលើកឡើងពីវិស័យស្មុំកូនអន្តរប្រទេសផងដែរ លោកស្រីថា ក្រសួងសង្គមកិច្ច បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យស្មុំកូនអន្តរប្រទេស និងបានបំពេញតួនាទីយ៉ាងត្រឹមត្រូវ ក្នុងការផ្អាកសកម្មភាពបានជាច្រើនទាក់ទងនឹងការស្មុំកូនខុសច្បាប់នៅកម្ពុជា។ លោកស្រីថា ការស្មុំកូនអន្តរប្រទេស ពិតមានផលប៉ះពាល់ខ្លាំងដល់កុមារ បើទប់ស្កាត់មិនបានទេនោះ កុមារអាចនឹងរងការជួញដូរឆ្លងប្រទេសជាក់ជាមិនខាន។
លោក វង សូត ក៏បានបញ្ជាក់ថា ចំពោះករណីស្មុំកូនអន្តរប្រទេសទាំងក្រសួងសង្គមកិច្ច និងដៃគូពាក់ព័ន្ធក៏បានសហការគ្នាយ៉ាងល្អ ចូលរួមទប់ស្កាត់ ហើយមកដល់ពេលនេះ កុមារដែលរងគ្រោះ ដោយសារតែករណីនេះ ក៏មានការថយចុះគួរឲ្យលត់សំគាល់ោងដែរ។ ថ្លែងនៅក្នុងជំនួបនោះ ទាំងភាគីក្រសួងសង្គមកិច្ច និងអង្គការយូនីសេហ្វ បានប្តេជ្ញារួមគ្នាបន្តកិច្ចសហប្រតិបត្តិការល្អ លើសកម្មភាព ការពារកុមារនៅកម្ពុជា និងចូលរួមពង្រឹងវិស័យសង្គមកិច្ចឲ្យកាន់តែរីកចម្រើនទៅមុខជាបន្តបន្ទាប់៕