(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ រួមជាមួយលោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទៅ០៧ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមខេត្ត ស្រុក និងឃុំ នាំយកអំណោយសង្គ្រោះបន្ទាន់ ជាស្បៀងអាហារ និងថវិកាទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ១៣គ្រួសារ នៅភូមិទួលតាកោ ១២គ្រួសារ និងភូមិជើងច្រង់ ១គ្រួសារ ស្ថិតក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ធ្វើឲ្យរលំ និងរបើកដំបូលផ្ទះរបស់បងប្អូន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។
នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយបងប្អូនរងគ្រោះទាំង ១៣គ្រួសារ លោក ហាក់ សុខមករា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក ព្រមទាំងបានសំដែងនូវការសោកស្តាយ និងអាណិតអាសូរបំផុត។
លោក ហាក់ សុខមករា បានជម្រាបជូនបងប្អូនដែលរងគ្រោះទាំងអស់ថា ចំពោះអំណោយចែកជូនបងប្អូន នាពេលនេះ គឺដើម្បីជួយសម្រួលនូវតំរូវការចាំបាច់ភ្លាមៗរបស់បងប្អូន ព្រមទាំងស្នើរជំរុញឲ្យកងកម្លាំង ប្រដាប់អាវុធ រួមទាំងក្រុមការងារ ចុះជួយរៀបចំផ្ទះសម្បែងដែលខូចខាតរបស់បងប្អូនឡើងវិញ ក្នុងនាមអាណាព្យាបាលរបស់ពួកគាត់។
លោក រស់ សុខន នាយកសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ឲ្យដឹងថា ចំពោះអំណោយដែលចែកជូននាពេលនោះ ក្នុង១គ្រួសារៗ រួមមានថវិការ ១០ម៉ឺនរៀល, អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, ទឹកសុទ្ធ១កេស, តង់១ និងវិការ២០ម៉ឺនរៀលសម្រាប់គ្រួសារខូខាតធ្ងន់ធ្ងរ៕