(កំពង់ស្ពឺ)៖ ដោយសារតែការកើនឡើង នៃកម្តៅផែនដី និងមានកំណើនចរាចររបស់ប្រជាពលរដ្ឋ អាស្រ័យផ្លូវថ្នល់, រដ្ឋបាលខេត្តកំពង់ស្ពឺ និងដោយមានរួមចំណែកពីវិស័យឯកជន ក្នុងនោះមានរោងចក្រកាត់ដេរ «អេចាយ» រោងចក្រកាត់ «ស៊ីគ្លូ» បានឧបត្ថម្ភដល់ការចំណាយធ្វើទ្រូង ដាំលម្អនៅតាមបណ្តោយទ្រូងផ្លូវប្រម៉ាណជាង៤គីឡូម៉ែត្រ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះថា ដោយសារតែមានការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា និងផ្នែកតាមតម្រូវការចាំរបស់រដ្ឋបាលខេត្ត ក្រុមហ៊ុនវិនិយោគវិស័យកាត់ដេរ បានផ្តល់ការឧបត្ថម្ភដើម្បីអភិវឌ្ឍន៍ស្តារសោភ័ណ្ឌភាព និងលម្អតាមដងផ្លូវ ជាពិសេសជួយកាត់បន្ថយចំណាំងផ្លាតពីភ្លើងហ្វារថយន្តពីម្ខាង ទៅម្ខាងទៀតដោយមិនភ្នែកអ្នកដំណើរ។
លោកអភិបាល បានបន្តថា ការចូលពីវិស័យឯកជន បានបង្ហាញភាពទាក់ទាញពីការចូលរួមដោយសប្បុរស។ ជាក់ស្តែង ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានជួយគាំរាល់គម្រោងដែលរដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងកសាង ក្នុងនោះ លោកស្រីបានជួយសាងសង់ស្ពានអាកាសមួយ ក្នុងតំបន់បេនឡានផ្សារកំពង់ស្ពឺ ដែលមានតម្លៃជាង ៣០ម៉ឺនដុល្លារ។
លោកអភិបាល បានបញ្ជាក់ថា ក្រុមហ៊ុនបានជួយខេត្តកំពង់ស្ពឺយ៉ាងសន្ធឹកសន្ទាប់ ខណៈក្រុមហ៊ុនគ្មានមុខរបរកស៊ីអ្វីបន្តិចសោះក្នុងទីរួមខេត្តនេះ។ ក្នុងនាមរដ្ឋបាលខេត្ត ពិតជាចង់បានការចូលរួមពីសំណាក់សប្បុរសជន លោក លោកស្រី ជាក្រុមអាជីវករ ក្រុមហ៊ុនបន្ថែមទៀត ដើម្បីកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាក្នុងខេត្តកំពង់ស្ពឺទាំងមូល៕