(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី រួមដំណើរដោយលោក លោកស្រី សមាជិកសមាជិកា គណៈកម្មាធិការសាខា ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អនុសាខាស្រុក ព្រមទាំងមន្រ្តីអនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ បាននាំអំណោយមនុស្សធម៍ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចុះចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន ៣៣គ្រួសារ មកពីភូមិចំនួន៥ ស្ថិតក្នុងឃុំចំនួន៣ គឺឃុំម៉ាលិក ឃុំតាឡាវ និងឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ បណ្តាលឱ្យមានខ្យល់កន្រ្តាក់យ៉ាងខ្លាំង មកលើភូមិសាស្ត្រឃុំទាំង៣ នៅក្នុងស្រុកអណ្តូងមាស ធ្វើឱ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៣៣គ្រួសារ។ ហើយគ្រួសាររងគ្រោះទាំងនេះ បានមកទទួលអំណោយមនុស្សធម៍ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីនាពេលនេះ។
លោក ថង សាវុន បាននាំនូវមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលអំណោយទាំងអស់ ដោយក្តីអាណិតអាសូរបំផុត ដែលជានិច្ចជាកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែចូលរួមរំលែកការលំបាក ជាមួយប្រជាពលរដ្ឋ នៅពេលជួបឧបទ្ទវៈហេតុផ្សេងៗ គ្រប់កាលៈទេសៈ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយ ដោយអាជ្ញាធរមិនបានដឹងលឺ និងបានជួយដោះស្រាយនោះឡើយ។
លោក ថង សាវុន បានបន្តថា បច្ចុប្បន្ននេះយើងមានភ័ព្វសំណាងណាស់ ដែលមានថ្នាក់ដឹកនាំប្រកបដោយមនុស្សធម៌ ជួយគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាជន ដែលរាល់ការលំបាករបស់ប្រជាជន គឺជាការកង្វល់របស់ថ្នាក់ដឹកនាំយើងផងដែរ។ ការកៀរគរមូលនិធីពីសប្បុរសនានា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុជួយដល់ជនទីទាល់ក្រ ជនងាយរងគ្រោះ និងប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់ពីគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សប្បុរ ឫនិន្មាការនយោបាយឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច។
លោកអភិបាលខេត្ត បានផ្តាំផ្ញើបងប្អូនពុកម៉ែប្រជាពលរងគ្រោះទាំង៣៣គ្រួសារ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព និងខិតខំប្រឹងប្រែង ប្រកបមុខរបរទទួលទាន ដើម្បីបង្កើនជីវភាពគ្រួសារវិញផងដែរ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៍ ដែលផ្តល់ជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់នេះ ក្នុងមួយគ្រួសារៗ រួមមាន អង្ករ៣០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ឃីត១កញ្ចប់ និងថវិកា ចែកជូនតាមទំហំនៃការខូចខាតជាក់ស្តែងផងដែរ៕